ព្រឹកនេះ សម្តេចធិបតី អញ្ជើញលែងកូនត្រី ១.៥លានក្បាល ចូលបឹងធំក្នុងស្រុកព្រៃឈរ

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ ព្រមទាំងលែងត្រី ១.៥លានក្បាលចូលទៅក្នុងបឹងធំ ដែលជាបឹងធម្មជាតិដ៏ធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០០៣មក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតែងតែប្រារព្ធទិវាមច្ឆជាតិ ១ កក្កដា ដើម្បីផ្សព្វផ្សាយទិវាមច្ឆជាតិ ១ កក្កដា និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធន​ធានជលផល ប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ។ ជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជ​ក្នុងស្រុក​ប្រមាណ ៥លានក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ៕



 

Powered by Blogger.