អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ សេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់ មិនដូចគ្នាទេ
ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា សេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់ គឺមិនដូចគ្នាទេ ដូច្នេះកុំយកសេរីភាពបញ្ចេញមតិ មកលាយឡំគ្នាជាមួយអំពើល្មើសច្បាប់។
តាមរយៈសារតេឡេក្រាម នៅយប់ថ្ងៃទី២ កក្កដា នេះ
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា « មានការភាន់ច្រឡំ
ឬការបំភាន់អំពីសេរីភាពបញ្ចេញមតិ (ឬមតិរិះគន់)
និងការបំពានច្បាប់ដែលធ្វើឱ្យមានភាពច្របូកច្របល់ក្នុងសង្គម។
តាមពិតគ្មានអ្វីពិបាកយល់ទេ ដូច្នេះ សូមបែងចែកឱ្យច្បាស់
ហើយសូមកុំយកសេរីភាពបញ្ចេញមតិមកលាយឡំគ្នាជាមួយអំពើល្មើសច្បាប់»។
ដើម្បីយល់ដឹងពីបញ្ហានេះឱ្យច្បាស់ អ្នកនាំពាក្យ
លើកយកប្រការមួយចំនួនដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជាកតិកាសញ្ញាអន្តរជាតិ
និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ដែលគេទទួលស្គាល់និងអនុវត្តទូទាំងពិភពលោក៖
មាត្រា ៤១ នៃរដ្ឋធម្មនុញ្ញចែងថា
ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន
សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ។ ប៉ុន្តែ
ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ
ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់ សាធារណៈ និងដល់សន្តិសុខជាតិឡើយ។
របបសារព័ត៌មានត្រូវកំណត់ដោយច្បាប់។
មាត្រា១៩(៣)
នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយចែងថា
ការប្រើប្រាស់សិទ្ធិដែលមានចែងក្នុងកថាខណ្ឌ២នៃមាត្រានេះ
តម្រូវឱ្យមានករណីយកិច្ចនិងការទទួលខុសត្រូវពិសេស។ ដូច្នេះ
ការប្រើប្រាស់សិទ្ធិនេះអាចមានការរឹតត្បិតមួយចំនួនដែលត្រូវកំណត់ដាច់ខាតដោយច្បាប់
និងដែលចាំបាច់ដើម្បី៖ (ក) គោរពសិទ្ធិនិងកិត្តិសព្ទអ្នកដទៃ, (ខ) ការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាព ឬសីលធម៌សាធារណៈ។
មាត្រា២២ (២) នៃកតិកាសញ្ញាអន្តរជាតិដដែលចែងថា
ការប្រើប្រាស់សិទ្ធិនេះអាចមានការរឹតត្បិតដែលកំណត់ដោយច្បាប់តែប៉ុណ្ណោះនិងដែលចាំបាច់ក្នុងសង្គមប្រជាធិបតេយ្យ
ក្នុងផលប្រយោជន៍នៃសន្តិសុខជាតិ ឬសុវត្ថិភាពសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ
ការការពារសុខភាពសាធារណៈ ឬសីលធម៌ ឬការការពារសិទ្ធិនិងសេរីភាពរបស់អ្នកដទៃ។
មាត្រា២៩(២)
នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សចែងថា ក្នុងការប្រើសិទ្ធិសេរីភាពរបស់ខ្លួន
មនុស្សគ្រប់រូបត្រូវស្ថិតនៅត្រឹមកម្រិតដែលច្បាប់បានកំណត់តែប៉ុណ្ណោះក្នុងគោលបំណងធានាការទទួលស្គាល់និងការគោរពសិទ្ធិសេរីភាពរបស់អ្នកដទៃ
និងដើម្បីបំពេញសេចក្តីត្រូវការយ៉ាងត្រឹមត្រូវខាងសីលធម៌ សណ្តាប់ធ្នាប់ សាធារណៈ
និងសុខុមាលភាពទូទៅនៅក្នុងសង្គមប្រជាធិបតេយ្យ៕
Post a Comment