ប្រធានរដ្ឋសភាកម្ពុជា ស្នើម៉ាឡេស៊ីជំរុញបន្ថែមដល់ការវិនិយោគ ពាណិជ្ជកម្ម និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា

ភ្នំពេញ៖ សម្តេចសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់ លោក ស្សាហារ៉ូឌីន ប៊ីន អ៊ន (Shaharuddin Bin Onn) ឯកអគ្គរាជទូតថ្មី ប្រទេសម៉ាឡេស៊ីប្រចាំនៅកម្ពុជា ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាកម្ពុជា និងម៉ាឡេស៊ី ឱ្យកាន់តែសកម្ម​ និងស៊ីជម្រៅឡើងថែមទៀត ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ​ និងសហគមន៍អាស៊ាន ផងដែរ។ 

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានស្នើដល់ឯកអគ្គរាជទូតជួយជំរុញបន្ថែមដល់ការវិនិយោគ ពាណិជ្ជកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសផ្នែកបច្ចេកវិទ្យាដល់យុវជនកម្ពុជាឱ្យបានច្រើនបន្ថែមទៀត។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូច្នេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោក ស្សាហារ៉ូឌីន ប៊ីន អ៊ន នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាបើកទ្វារចំហស្វាគមន៍ ឯកឧត្តមឯកអគ្គរាជទូត និងសហការីគ្រប់ពេលវេលានៅក្នុងការសម្របសម្រួល​ និងធ្វើកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរឹងមាំនៃប្រទេសទាំងពីរដែលមានជាង៦០ឆ្នាំមកនេះឱ្យកាន់តែរឹងមាំថែមទៀតនៅលើគ្រប់វិស័យ ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ​ និងនីតិប្រតិបត្តិ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងដែលរាជរដ្ឋាភិបាលប្រទេសទាំងពីរបានឯកភាពគ្នា ជាពិសេសនៅក្នុងដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីដើមឆ្នាំ២០២៤នេះ ដែលបានបង្ហាញពីការបន្តទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី មិនដាច់រយៈដោយបន្តពីថ្នាក់ដឹកនាំចាស់ មកថ្នាក់ដឹកនាំថ្មី។ ចំពោះទំនាក់ទំនងរដ្ឋសភាប្រទេសទាំងពីរ សម្តេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា សភាប្រទេសទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការគ្នាជាច្រើននៅក្នុងក្របខណ្ឌពហុភាគី ប៉ុន្តែនៅមានកម្រិតនៅក្នុងក្របខណ្ឌទ្វេភាគី ដែលត្រូវយកចិត្តទុកដាក់​ និងពង្រឹងពង្រីកបន្ថែមទៀត។ រដ្ឋសភាកម្ពុជាបានបង្កើតក្រុមមិត្តភាពសភាកម្ពុជា-ម៉ាឡេស៊ី តាំងពីអាណត្តិទី១មក និងគួរបន្តជំរុញកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរឱ្យបានរឹងមាំស៊ីជម្រៅថែមទៀត តាមរយៈក្រុមមិត្តភាព សមាជិកសភាជាស្រ្តី សមាជិកសភាវ័យក្មេង និងកម្រិតអគ្គលេខាធិការដ្ឋាន ជាដើម។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថាកម្ពុជា-ម៉ាឡេស៊ីមានសក្តានុពលជាច្រើន ដែលអាចធ្វើការរួមគ្នា ដើម្បីបម្រើផលប្រយោជន៍ប្រជាជន​ និងប្រទេសទាំងសងខាង នៅក្នុងនោះមានដូចជា កម្ពុជាមានសក្តានុពលសម្រាប់ការផលិតអាហារហាឡាល់ (Halal) សម្រាប់ប្រទេសម៉ាឡេស៊ីនាំចេញទៅក្រៅប្រទេស និងការបង្កើនចំនួនជើងហោះហើរត្រង់រវាងប្រទេសទាំងពីរជាដើម។

លោក ស្សាហារ៉ូឌីន ប៊ីន អ៊ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានរដ្ឋសភាដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម​ និងសហការីនាឱកាសនេះ។ លោកអគ្គរាជទូត បានអបអរសាទរចំពោះសម្តេចរដ្ឋសភាធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភានីតិកាលទី៧ និងជាស្រ្តីដំបូងគេនៅកម្ពុជាដែលទទួលបានតួនាទីដ៏ឧត្តុង្គឧត្តមនេះ។ 

លោកបានគាំទ្រប្រសាសន៍លើកឡើងរបស់សម្តេចរដ្ឋសភាធិបតី និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ ឱ្យកាន់តែរឹងមាំ និងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ជាពិសេសបន្តអនុវត្តនូវគម្រោងនៃកិច្ចសហប្រតិបត្តិការដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានកំណត់ ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីចុងខែកុម្ភៈកន្លងទៅ ដូចជាវិស័យពាណិជ្ជកម្ម និងវិនិយោគ ការងារ​ និងការអប់រំ បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ (TVET) ការតភ្ជាប់បច្ចេកវិទ្យាឌីជីថល និងឧស្សាហកម្មអាហារហាឡាល់ (Halal)

លោកបានជម្រាបជូនសម្តេចរដ្ឋសភាធិបតី ថា រូបឯកឧត្តមពិតជាមានកិត្តិយសណាស់ ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ដែលជាមិត្តដ៏ល្អរបស់ម៉ាឡេស៊ី ហើយថាកម្ពុជាមានតួនាទីដ៏សំខាន់ក្នុងតំបន់ និងលើឆាកអន្តរជាតិផងដែរ​៕







 

Powered by Blogger.