ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំដល់អភិបាលខេត្តតាកែវថ្មី ត្រូវពង្រឹងអភិបាលកិច្ច និងធ្វើទំនើបកម្មរដ្ឋបាល ប្រកបដោយសមត្ថភាពខ្ពស់ និងស្អាតស្អំ
អត្ថបទ៖ ទ្រី ហៀន
ខេត្តតាកែវ៖ ឧបនាយករដ្ឋមន្ត្រី
ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យអភិបាលខេត្តតាកែវថ្មី ត្រូវពង្រឹងអភិបាលកិច្ច
និងការធ្វើទំនើបកម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ និងប្រឹងប្រែងអភិវឌ្ឍខេត្តឱ្យកាន់តែមានការរីកចម្រើន
ស្របតាមយុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ជាពិសេសត្រូវលុបបំបាត់អោយបាន នូវការសកម្មភាពជូញដូរគ្រឿនញៀនគ្រប់ប្រភេទ និងសកម្មភាពអណាធិបតេយ្យនានា
ដែលបង្កដោយក្មេងទំនើង។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី
មានប្រសាសន៍ណែនាំដូចនេះ ក្នុងឱកាសអញ្ជើញជាធិបតីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តតាកែវ
នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្តតាកែវ។
ឯកឧត្តបឧបនាយករដ្ឋមន្រ្តី
មានប្រសាសន៍ណែនាំបន្ថែម លើកិច្ចការអាទិភាព ឱ្យរដ្ឋបាលខេត្តតាកែវ ត្រូវបន្តថែរក្សា និងពង្រឹងសន្តិភាព
ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលជាកត្តាគន្លឹះសម្រាប់បង្កបរិយាកាសដល់ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស
ការលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការដោះស្រាយផលប៉ះពាល់បណ្តាលមកពីវិបត្តិជាសកលនានា
សំដៅអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យប្រកបដោយចីរភាព និងសុខដុមនីយកម្មក្នុងសង្គម។
ឧបនាយករដ្ឋមន្ត្រី
ស សុខា ក៏បានជំរុញឱ្យរដ្ឋបាលខេត្ត បន្តពង្រឹងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់
មានសុវត្ថិភាព” ការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ អំពើជួញដូរមនុស្ស ជួញដូរពលកម្ម
អាជីវកម្មផ្លូវភេទ ការលាងសម្អាតប្រាក់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ រួមទាំងក្មេងទំនើង
ឱ្យមានប្រសិទ្ធភាពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ នាពេលកន្លងមក។
ក្នុងឱកាសនោះដែរ
ឯកឧត្តម វី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានឡើងប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រើប្រាស់សមត្ថភាព លះបង់កម្លាំងកាយចិត្ត និងបទពិសោធន៍
ក្នុងការដឹកនាំការគ្រប់គ្រងកិច្ចការរដ្ឋបាល ការអភិវឌ្ឍសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ
និងសុវត្ថិភាពសង្គម ដើម្បីរួមគ្នាបន្តអភិវឌ្ឍនូវសមិទ្ធផល និងស្នាដៃថ្មីៗបន្ថែមទៀត៕
Post a Comment