អ្នកនាំពាក្យក្រសួងកសិកម្ម អំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជួយចែករំលែកព័ត៌មានវិជ្ជមានពីវិស័យកសិកម្មកម្ពុជា
ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់បណ្ដាប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមចែករំលែកព័ត៌មានវិជ្ជមានពីវិស័យកសិកម្មកម្ពុជា ដើម្បីបង្ហាញពីសក្តានុពលរបស់បងប្អូនប្រជាកសិករខ្មែរ។
កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ
គណនីហ្វេកប៊ុកមួយមានឈ្មោះថា ហម សាវឿត បានបង្ហោះពីបញ្ហាតម្លៃរបស់ត្រប់ស្រួយ
ដែលធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គម មានការភ័ន្តច្រឡំថា
តម្លៃត្រប់ស្រួយក្នុងមួយគីឡូ៣០០រៀល
ប៉ុន្តែត្រូវបានមន្ទីរកសិកម្មខេត្តបាត់ដំបងចុះពិនិត្យ និងអន្តរាគមន៍បានភ្លាមៗ។
ដោយហេតុនេះ លោក ឃឹម ហ្វីណង់ បានលើកឡើងថា
មាននៅចាំរឿង «ត្រប់ស្រួយ» ដែលបងប្រុស
ហម សាវឿត ផុសថាលក់បានតែ ៣០០៛/គីឡូ នៅបាត់ដំបងដែរឬទេ? ឥឡូវនេះ
គាត់លក់ចេញពីចម្ការបាន ១៥០០៛/គីឡូ ហើយថ្លៃត្រប់ស្រួយនៅតំបន់ផ្សេងទៀត
នៅទូទាំងប្រទេសក៏មិនក្រោម ១៥០០៛ នោះដែរ។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងកសិកម្មរូបនេះ
ក៏បានបង្ហាញពីបច្ចុប្បន្នភាពនៃតម្លៃសណ្ដែកកួរនៅលើទីផ្សារផងដែរ
ដែលបានផ្ទុះឡើងខ្លាំងកាលពីថ្ងៃទី១២ ខែឧសភា ដោយលោកបានបន្តថា ចុះរឿងនាំគ្នាផ្អើលថា «សណ្តែកកួរមួយគីឡូ ៤ម៉ឺនរៀល» ដោយសារសណ្តែកួរនាំចូលពីវៀតណាម?
តាមព័ត៌មានដែលលោកទទួលបានក្នុងថ្ងៃនេះ
កសិករខ្មែរលក់សណ្តែកកួរចេញពីចម្ការក្នុងតម្លៃជាមធ្យមចន្លោះពី៣០០០៛
ទៅ៥០០០៛ក្នុងមួយគីឡូក្រាម ដែលជាថ្លៃសមរម្យទាំងសម្រាប់អ្នកទិញនិងកសិករអ្នកដាំ
មិនមានការបិទសណ្តែកកួរនាំចូលនោះទេ
ហើយក៏យើងមិនអាចរកទិញសណ្តែកកួរក្នុងតម្លៃ១គីឡូ៤ម៉ឺននៅលើទីផ្សារទៀតដែរ
ទោះបីជានៅផ្សារដើមគរក៏ដោយ។
មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម
បានសង្កត់ធ្ងន់ថា
ព័ត៌មានបែបនេះប្រហែលជាមិនមានអ្នកណាចាប់អារម្មណ៍យកមកចុះផ្សាយឡើងវិញ
ដើម្បីឱ្យបានប្រជាជនដឹងនោះទេ ហើយក៏មិនមានផេកហ្វេសបុកធំៗ
ឬតារាល្បីៗណាយកទៅផ្សព្វផ្សាយបន្តដែរ តែក្នុងនាមជាអ្នកនាំពាក្យក្រសួងកសិកម្ម
លោកមានតួនាទីធ្វើបច្ចុប្បន្នភាពជូនសាធារណជនឱ្យបានជ្រាប។ លោកបន្តថា
នៅសល់រឿងស្ពៃក្រញាញ់នៅត្រាំកក់ថ្លៃ ៤០០៛ក្នុងគីឡូមួយទៀត លោកនឹងជូនដំណឹងពីតម្លៃបន្លែនៅទីនោះម្តងទៀត
ក្រោយពេលដែលក្រសួងបញ្ចប់ការរៀបចំជាសហគមន៍កសិកម្មទំនើបរួចរាល់ក្នុងពេលឆាប់ៗនេះ។
ជាថ្មីម្ដងទៀត លោក ឃឹម ហ្វីណង់
បានអំពាវនាវដល់បណ្ដាប្រព័ន្ធផ្សព្វផ្សាយទាំងអស់ បន្តគាំទ្របន្លែផ្លែឈើក្នុងស្រុក
ដាំដោយផ្ទាល់ដៃរបស់ពុកម៉ែបងប្អូនកសិករខ្មែរយើង និងចូលរួមផ្សព្វផ្សាយចែករំលែកព័ត៌មានវិជ្ជមានពីវិស័យកសិកម្មកម្ពុជាឱ្យបានទាំងអស់គ្នា៕
Post a Comment