សម្តេចធិបតី៖ កម្ពុជា រកចំណូលបានជិត៥ពាន់លានដុល្លារ ពីការនាំចេញផលិតផលកសិកម្ម ក្នុងឆ្នាំ២០២៣
ខេត្តកំពង់ចាម៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា ឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជា អាចរកចំណូលបានជិត៥ពាន់លានដុល្លារ ពីការនាំចេញផលិតផលកសិកម្ម ខណៈរាជរដ្ឋាភិបាលរាជរដ្ឋាភិបាលនៅតែបន្តចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពមួយដ៏សំខាន់របស់ប្រទេសកម្ពុជា។
សម្តេចធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា
ថ្លែងដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា
លើកទី១៩ ព្រមទាំងលែងត្រី ១.៥លានក្បាលចូលទៅក្នុងបឹងធំ ដែលជាបឹងធម្មជាតិដ៏ធំ
ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១
ខែកក្កដា ឆ្នាំ២០២៤នេះ។
នាឱកាសនោះ
សម្តេចធិបតី លើកឡើងថា រាជរដ្ឋាភិបាលបានចាត់ទុក
វិស័យកសិកម្មជាវិស័យអាទិភាពមួយដ៏សំខាន់ដែលចូលរួម
ចំណែកយ៉ាងសកម្មក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ
កាត់បន្ថយភាពក្រីក្រ និង ទ្រទ្រង់កំណើនសេដ្ឋកិច្ច
ដោយរក្សាបាននូវតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ។
សម្តេចធិបតី
បានបន្ថែមទៀតថា ផ្អែកលើយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល
ជាពិសេស កម្មវិធី គោលនយោបាយអាទិភាពទី៥ និងទី៦ សំដៅជំរុញការអភិវឌ្ឍវិស័យកសិកម្ម
ដែលរួមមានការលើកស្ទួយផលិតកម្ម ការរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល, ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ
និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើបជាដើម។
ជាលទ្ធផល
សម្តេចអះអាងថា៖« ក្នុងឆ្នាំ២០២៣កន្លងទៅ
កម្ពុជាមិនត្រឹមតែអាចធានាបាននូវសន្តិសុខស្បៀងពេញលេញសម្រាប់ប្រជាជននៅទូទាំងប្រទេសប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងផលិតបានលើសពីតម្រូវការ និងបាននាំចេញផលិតផល កសិកម្មជាង ៨លានតោន
ដោយបាននាំមកវិញនូវចំណូលជារូបិយបណ្ណអន្តរជាតិជិត ៥ពាន់លានដុល្លារ ទៀតផង»៕
Post a Comment