ប្រជាពលរដ្ឋបង្ហាញការជឿជាក់លើការដឹកនាំរបស់ ឯកឧត្តម វី សំណាង នឹងធ្វើឱ្យខេត្តតាកែវមានការអភិរឌ្ឍន៍ជឿនលឿន
អត្ថបទ ៖ ទ្រី ហៀន
ខេត្តតាកែវ ៖ ប្រជាពលរដ្ឋជាច្រើននាក់
ក៏ដូចជាក្រុមយុវជន ក្រុងដូនកែវ ខេត្តតាកែវ បានបង្ហាញការជឿជាក់ថា បន្ទាប់ពី ឯកឧត្តម
វី សំណាង ចូលកាន់ដំណែងជាអភិបាល នៃគណៈអភិបាលខេត្តតាកែវ
នឹងខិតខំអភិវឌ្ឍន៍ខេត្តជាប់ព្រំដែនមួយនេះឱ្យកាន់តែរីកចម្រើនជឿនលឿន
ពិសេសក្រុងដូនកែវទាំងមូល និងមានភ្លើងបំភ្លឺផ្លូវគ្រប់ច្រកល្ហក។
លោក កង រឿន ប្រជាពលរដ្ឋក្នុងក្រុងដូនកែវ
ដែលមានមុខរបរជាអ្នករត់ម៉ូតូឌុបនៅរង្វង់មូលឯករាជ្យ បានប្រាប់យ៉ាងដូចនេះថា
លោកជឿជាក់លើអភិបាលខេត្តថ្មី នឹងជួយអភិវឌ្ឍន៍ខេត្តលោកឱ្យកាន់តែរីកចម្រើនទៅមុខ
ជាពិសេសលោកសំណូមពរឱ្យ មានការបំពាក់ភ្លើងបំភ្លឺផ្លូវតាមទីសាធារណៈក្នុងក្រុងដូនកែវឱ្យកាន់តែល្អជាងមុន។
ចំណែកលោក លី កុម្ភៈ
ប្រជាពលរដ្ឋរស់នៅក្រុងដូនកែវ ក៏បានសំណូមពរដល់អភិបាលខេត្តថ្មី នៃខេត្តតាកែវ
ខិតខំទាក់ទាញក្រុមអ្នកវិនិយោគឱ្យចូលមករកស៊ីនៅខេត្តតាកែវ ដើម្បីជួយឱ្យពលរដ្ឋមានការងារធ្វើ
ជាពិសេសលោកសំណូមពរឱ្យមានការបញ្ចុះតម្លៃសេវា ទឹកភ្លើង នៅតំបន់ក្រុងដូនកែវឱ្យកាន់តែទាបជាងមុន។
ក្រុមយុវជនជាសិស្សានុសិស្សដែលរស់នៅក្រុងដូនកែវ
ក៏សម្តែងការសប្បាយចិត្ត ដោយពួកគេជឿជាក់ថា អភិបាលខេត្តថ្មីរបស់ពួកគេ
នឹងមានអ្វីដែលថ្មីសម្រាប់បម្រើដល់ពលរដ្ឋ នៃខេត្តតាកែវទាំងមូល។
សូមជម្រាបថា ឯកឧត្តម វី សំណាង
នឹងចូលមកកាន់ដំណែងជាអភិបាលនៃគណៈអភិបាលខេត្តតាកែវ ជំនួសឯកឧត្តម អ៊ួច ភា
ដែលពិធីប្រកាសផ្ទេរតំណែងនឹងធ្វើឡើងនៅរសៀលថ្ងៃទី១ ខែកក្កដា
ឆ្នាំ២០២៤ នេះ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕
Post a Comment