ឧបនាយករដ្ឋមន្ត្រី ស សុខា ជំរុញអភិបាលខេត្តកណ្តាលថ្មី ពង្រឹងអភិបាលកិច្ច និងធ្វើទំនើបកម្មរដ្ឋបាល ប្រកបដោយសមត្ថភាពខ្ពស់
ខេត្តកណ្ដាល ៖ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញអភិបាលខេត្តកណ្តាលថ្មី ពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មរដ្ឋបាល ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍខេត្តឱ្យកាន់តែមានការរីកចម្រើន ស្របតាមយុទ្ធសាស្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី
ស សុខា នេះនាឱកាសអញ្ជើញប្រកាសចូលកាន់មុខតំណែង ឯកឧត្តម គួច ចំរើន
ពីអតីតអភិបាលខេត្តព្រះសីហនុមកជាអភិបាលខេត្តកណ្តាលវិញ ជំនួសឯកឧត្តម គង់ សោភ័ណ
ត្រូវបានតែងតាំងតួនាទីថ្មី ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី១ ខែកក្កដា
ឆ្នាំ២០២៤។
ក្នុងោកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី
ស សុខា បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានខិតខំសម្រប សម្រួល
ដឹកនាំការងាររដ្ឋបាល និងការអភិវឌ្ឍខេត្តកណ្តាល ក្នុងរយៈពេលដែលរូបលោកកាន់មុខតំណែង
ជាអភិបាលខេត្តកណ្តាល អស់រយៈពេល ៤ ឆ្នាំកន្លងមកនេះ។
ឧបនាយករដ្ឋមន្ត្រី ស សុខា បានស្នើដល់ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ
អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក និងឃុំ សង្កាត់ មន្រ្តីរាជការ
កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល ផ្តល់ការគាំទ្រ
និងចូលរួមជាមួយលោក គួច ចំរើន ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព
ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ
និងការអភិវឌ្ឍខេត្តឲ្យកាន់តែមានការរីកចម្រើនថែមទៀត។
ដើម្បីសម្រចបានវឌ្ឍនភាព
ការងារបន្ថែមទៀត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានផ្ដល់នូវគោលការណ៍
ណែនាំលើកិច្ចការអាទិភាពឲ្យរដ្ឋបាល ខេត្តត្រូវបន្តថែរក្សា និងពង្រឹងសន្តិភាព
ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលជាកត្តាគន្លឹះសម្រាប់បង្ក
បរិយាកាសដល់ការ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការលើកស្ទួយសិទ្ធិសេរីភាព
របស់ប្រជាពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការដោះស្រាយផលប៉ះពាល់
បណ្តាលមកពីវិបត្តិ ជាសកលនានា សំដៅអភិវឌ្ឍន៍ ប្រទេសជាតិ លើគ្រប់វិស័យប្រកប
ដោយចីរភាព និងសុខដុមនីយកម្មក្នុងសង្គម។
បន្ថែមលើសពីនេះ ឧបនាយករដ្ឋមន្ត្រី ស សុខា
បានជំរុញឲ្យរដ្ឋបាលខេត្តបន្តពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»
ការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ អំពើជួញដូរមនុស្ស ជួញដូរពលកម្ម
អាជីវកម្ម ផ្លូវភេទ ការលាងសម្អាតប្រាក់ ល្បែងស៊ីសងខុស ច្បាប់គ្រប់ប្រភេទ
រួមទាំងក្មេងទំនើង ឱ្យមានប្រសិទ្ធភាពតាមបទ បញ្ជារបស់រាជរដ្ឋាភិបាល
ដែលបានដាក់ចេញនាពេលកន្លងមក ព្រមទាំងការគ្រប់គ្រង និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន
ការអភិវឌ្ឍសេដ្ឋកិច្ចរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ការផ្តល់សេវាសាធារណៈ
តាមច្រកចេញចូលតែមួយ នៅរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដោយត្រូវយកចិត្តទុកដាក់
ក្នុងការពង្រឹងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈរបស់មន្រ្តី ក្នុងការបំពេញការងារ ដើម្បីធានាឲ្យពលរដ្ឋទទួល
បានសេវារដ្ឋបាលនានា កាន់តែមានភាពងាយស្រួល ឆាប់រហ័ស តម្លាភាព គណនេយ្យភាព
ប្រសិទ្ធភាព និងបរិយាប័ន្ន៕
Post a Comment