ឯកឧត្តម ចាយ បូរិន ណែនាំមន្ត្រី នៃមន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី ត្រូវក្តាប់ការងារក្នុងវិស័យសាសនា ដើម្បីរៀបចំច្បាប់គ្រប់គ្រងសាសនាឲ្យបានល្អប្រសើរ
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី៖ ឯកឧត្តម ចាយ បូរិន
រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដឹកនាំគណៈប្រតិភូក្រសួង
អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរធម្មការនិងសាសនា ខេត្តមណ្ឌលគិរី
ដោយមានការចូលរួមពីសំណាក់លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត តំណាងឯកឧត្តម ថង សាវុន
អភិបាលខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅមន្ទីរធម្មការ និងសាសនា ខេត្តមណ្ឌលគិរី
នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ថា ការជួបសំណេះសំណាលនាឱកាសនេះ ក្នុងគោលបំណងដើម្បីឈ្វេងយល់នូវសកម្មភាពការងាររបស់មន្រ្តីរាជការនៃមន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី បានអនុវត្តកន្លងមក ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម រដ្ឋមន្ត្រី បានណែនាំដល់មន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី ក៏ដូចជាមន្ទីរធម្មការនិងសាសនាខេត្តនានា ត្រូវតៀមលក្ខណៈរួចជាស្រេចរៀបចំ ពិធីទូងស្គរ វ៉ៃឃ្មោះ គ្រប់បណ្តាវត្តអារាម និងបណ្តាវិហារសាសនាទាំងអស់ ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីក ហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ ទន្ទឹមនឹងនេះ ឯកឧត្តម រដ្ឋមន្រ្តី ណែនាំដល់មន្រ្តីក្រោមឱវាទ ត្រូវចំបាច់ពង្រឹងនូវសមត្ថភាព ពិសេសរៀបចំគ្រប់គ្រងសាសនាទាំងអស់ ដែលមាននៅក្នុងមូលដ្ឋានផ្ទាល់របស់ខ្លួន ធ្វើយ៉ាងណាមានសុខដុមភាពសាសនា ដែលមានស្រាប់ពិនិត្យតម្រង់ទិស ផ្សព្វផ្សាយបំពេញបន្ថែមនូវចន្លោះខ្វះខាតរបស់មន្រ្តីធម្មការនៅគ្រប់បណ្តារាជធានី-ខេត្ត និងពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមប្រកបដោយ សីលធម៌ សមធម៌ និងបរិយាបន្ន។
ឯកឧត្តម
បានជំរុញដល់មន្ត្រីរាជការ
ត្រូវក្តាប់ការងារក្នុងវិស័យសាសនាក្នុងខេត្តឲ្យកាន់តែរីកចម្រើនទ្វេរឡើងថែមទៀត
ព្រមទាំងសិក្សាស្រាវជ្រាវនៅជំនឿបងប្អូនជនជាតិដើមភាគតិច ដើម្បីរៀបចំច្បាប់គ្រប់គ្រងសាសនាឲ្យស្រេចបានត្រឹមឆ្នាំ២០២៥។
លោក ទូច រស្មី ប្រធានមន្ទីរធម្មការនិងសាសនា
ខេត្តមណ្ឌលគិរី បានឲ្យដឹងថា គិតត្រឹម៦ខែដើមឆ្នាំ២០២៤នេះ
មន្ទីរបានអនុវត្តការងារប្រព្រឹត្តទៅដោយរលូនទៅតាមផែនការសកម្មភាព
ដោយផ្អែកតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយក្រសួងធម្មការ និងសាសនា
និងរដ្ឋបាលខេត្តមណ្ឌលគិរី
ធ្វើឲ្យមន្ទីរសម្រេចបាននូវការងារដឹកនាំជំនឿសាសនារបស់ប្រជាពលរដ្ឋ
ទាំងការរក្សាសុខដុមនីយកម្មសាសនានៅក្នុងសង្គមមានលក្ខណៈល្អប្រសើរ។ លោក បញ្ជាក់ថា
នៅទូទាំងខេត្ត មានវត្តអារាមចំនួន ៤០វត្ត ក្នុងនោះ គណៈមហានិកាយមានចំនួន ២៩វត្ត
និងគណៈធម្មយុត្តិកនិកាយមានចំនួន ១១វត្ត ព្រះសង្ឃមានចំនួន ២១៧អង្គ
អាចារ្យវត្តមានចំនួន ៥៤នាក់ តាជីមានចំនួន ២នាក់ ដូនជី ៣៤នាក់ក្មេងវត្ត ៥នាក់
សិស្សស្នាក់នៅវត្ត ៦១នាក់ ជនគ្មានទីពឹង ១នាក់
និងដីវត្តដែលបានចុះបញ្ជីប្លងរឹងរួចមានចំនួន ៩វត្ត វ៉ាស់វែងរួចបានទទួលបង្កាន់ដៃ
១៥វត្ត និងមិនទាន់វ៉ាស់វែងចំនួន ១៦វត្ត៕
Post a Comment