កូរ៉េខាងជើង អះអាងពីការធ្វើតេស្ដដោយជោគជ័យលើការបាញ់មីស៊ីលបាលិស្ទីគ អាចពាំក្បាលគ្រាប់ខ្នាតយក្ស

ប្រភព៖ Reuters

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី២ ខែកក្កដានេះបានរាយការណ៍ថាកូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលបាលិស្ទីគតាក់ទិកស៊េរីថ្មីមួយដែលមានសមត្ថភាព ពាំក្បាលគ្រាប់ខ្នាតយក្សទម្ងន់ ៤.៥តោន ប្រកបដោយជោគជ័យ កាលពីថ្ងៃចន្ទម្សិលមិញ។

កាលពីថ្ងៃចន្ទ ទី១ ខែកក្កដា កូរ៉េខាងត្បូងបានអះអាងថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគចំនួន ២គ្រាប់ ហើយក្នុងនោះការធ្វើតេស្ដមីស៊ីលគ្រាប់ទី២ បានទទួលបរាជ័យ ដោយផ្ទុះនៅលើអាកាស។ តាមយោធាកូរ៉េខាងត្បូង មីស៊ីលគ្រាប់ទី១ដែលទំនងជាមីស៊ីល KN-23 របស់កូរ៉េខាងជើង ហោះបានចម្ងាយប្រហែល ៦០០គីឡូម៉ែត្រ។

ក្នុងសេចក្ដីរាយការណ៍ KCNA មិនបាននិយាយពីការធ្វើតេស្ដមីស៊ីលគ្រាប់ទី២នេះនោះទេ។ ប៉ុន្តែ បានឱ្យដឹងថាកូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលបាលិស្ទីគតាក់ទិក ស៊េរីថ្មីមួយ ឈ្មោះ Hwasongpho-11 Da-4.5 តាមរយៈការសាកល្បងបំពាក់ក្បាលគ្រាប់ទម្ងន់ធ្ងន់មួយឱ្យដូចជាពិតៗ ដើម្បីផ្ទៀងផ្ទាត់ពីស្ថិរភាពនៃការហោះហើរ និងភាពជាក់លាក់។

Hwasongpho-11 ឬហៅកាត់ថា Hwasong-11 គឺជាប្រភេទមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី (SRBM) អភិវឌ្ឍឡើងដោយកូរ៉េខាងជើង។ មីស៊ីលនេះក៏ត្រូវបានគេហៅ ឈ្មោះម្យ៉ាងទៀតថា KN-23 និង KN-24 ផងដែរ៕



 

Powered by Blogger.