កូរ៉េខាងជើង ថ្កោលទោសទំនាក់ទំនងត្រីភាគី រវាងអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ថាជា «NATO អាស៊ី»

 ប្រភព៖ AFP

ព្យុងយ៉ាង៖ កូរ៉េខាងជើងបានប្រកាសថ្កោលទោស ការធ្វើសមយុទ្ធយោធាចម្រុះ ក្នុងទ្រង់ទ្រាយធំរួមគ្នា រវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ដោយហៅប្រទេសទាំង៣ ថាជា NATO នៅអាស៊ី ហើយបានព្រមានអំពីផលវិបាកដ៏ធ្ងន់ធ្ងរបំផុត។

ការចេញមុខថ្កោលទោសពីសំណាក់ទីក្រុងព្យុងយ៉ាង កើតមានឡើងនៅមួយថ្ងៃ បន្ទាប់ពីសម្ព័ន្ធមិត្តទាំង៣ បានបិទបញ្ចប់សមយុទ្ធយោធា ដែលមានរយៈពេលសរុប៣ថ្ងៃ ហៅថា Freedom Edge និងដែលផ្តោតលើ ការការពារមីស៊ីលបាលិស្ទីគ និងការការពារដែនអាកាស ព្រមទាំងយុទ្ធសាស្រ្តប្រឆាំងនាវាមុជទឹក ហើយនិងការហ្វឹកហាត់ការពារតាមប្រព័ន្ធសៃបឺ (cyber)

សេចក្តីថ្លែងការណ៍ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាននិយាយយ៉ាងដូច្នេះថា យើងថ្កោលទោសជាខ្លាំង ចំពោះសកម្មភាពដំឡើងសាច់ដុំយោធាដើម្បីបង្កហេតុ ប្រឆាំងមកលើប្រទេសកូរ៉េខាងជើង។ ទំនាក់ទំនងរវាងអាមេរិក-កូរ៉េខាងត្បូង-ជប៉ុន បានប្រែក្លាយរូបរាងទៅប្រៀបដូចជា NATO ប្រចាំនៅអាស៊ី។ ជាមួយគ្នានេះ កូរ៉េខាងជើង​ ក៏បានព្រមានប្រទេសទាំង៣ អំពីផលវិបាកដ៏ធ្ងន់ធ្ងរបំផុត ផងដែរ។

មេដឹកនាំអាមេរិក​ កូរ៉េខាងត្បូង និងជប៉ុន បានឯកភាពគ្នា ក្នុងកិច្ចប្រជុំកំពូលត្រីភាគី កាលពីឆ្នាំមុន លើការរៀបចំឱ្យមាន សមយុទ្ធយោធារួម​ជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញពីសញ្ញានៃសាមគ្គីភាព ចំពោះមុខអ្វីដែលពួកគេហៅថា ជាការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង និង​ការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់។

ការធ្វើសមយុទ្ធយោធារវាងប្រទេសទាំង៣ ក្នុងសប្តាហ៍នេះ មានការចូលរួមពី នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក USS Theodore Roosevelt, នាវាចម្បាំងបំពាក់មីស៉ីល JS Atago របស់ជប៉ុន ព្រមទាំងកងយន្តហោះចម្បាំង KF-16 របស់កូរ៉េខាងត្បូង។ ទីក្រុងព្យុងយ៉ាង តែងតាំងបានថ្កោលទោស សកម្មភាពធ្វើសមយុទ្ធយោធាស្រដៀងគ្នាបែបនេះ ថាជាការហាត់សមដើម្បីឈ្លានពានទៅលើខ្លួន៕



 

Powered by Blogger.