ឯកឧត្តម ហួត ហាក់ អញ្ជើញចូលទស្សនា និងពិនិត្យស្ថានភាពជាក់ស្តែង រមណីយដ្ឋានសហគមន៍អេកូទេសចរណ៍អូរឬស្សីកណ្តាល

 អត្ថបទ៖ ក្រសួងទេសចរណ៍

ខេត្តស្ទឹងត្រែងនៅរសៀលថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលទស្សនា និងពិនិត្យមើលស្ថានភាព និងទិដ្ឋភាពជាក់ស្តែង រមណីយដ្ឋានសហគមន៍អេកូទេសចរណ៍អូរឬស្សីកណ្តាល (អូរច្រឡង់) ដែលស្ថិតក្នុងឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដើម្បីស្វែងយល់អំពីស្ថានភាពជាក់ស្តែង និងជីវភាពរស់នៅរបស់បងប្អូនសហគមន៍ដែលពឹងអាស្រ័យលើរមណីយដ្ឋាននេះ។

រមណីយដ្ឋានសហគមន៍អេកូទេសចរណ៍អូរឬស្សីកណ្តាល (អូរច្រឡង់) គឺជាតំបន់ទេសចរណ៍ដែលមានទឹកហូរវែងអន្លាយខួបប្រាំង ខួបវស្សា ដែលគួរឱ្យចាប់អារម្មណ៍មួយក្នុងចំណោម ទីតាំងផ្សេងៗទៀតរបស់ខេត្តស្ទឹងត្រែង ដោយម៉្យាង អ្នកទេសចរអាចធ្វើដំណើរទៅកំសាន្តរមណីយដ្ឋានកណ្តាលព្រៃធម្មជាតិ ដ៏ស្រស់ស្អាត អាចងូតលេង និងស្តាប់សំឡេងសត្វយំ ធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ និងបំភ្លេចអស់ទុក្ខកង្វល់។ ម៉្យាងទៀត គឺអាចជួយដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍អេកូទេសចរណ៍នោះបានទៀតផង៕







Powered by Blogger.