សម្តេចធិបតី អញ្ជើញអបអរសាទរសមិទ្ធផលកែលម្អបរិស្ថាន​សាលារៀន និងការផ្គត់ផ្គង់​សម្ភារ​បរិក្ខារ​អប់រំនៅកម្ពុជា ក្រោមជំនួយរបស់ចិន

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជា​អធិបតី ក្នុងពិធីអបអរសាទរសមិទ្ធផល នានាក្រោមគម្រោងជំនួយរបស់ចិន សម្រាប់កែលម្អ​បរិស្ថាន​​សាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា។ ពិធីនេះត្រូវបានរៀបចំឡើងនៅវិទ្យាល័យសម្តេច ហ៊ុន សែន ពាមជីកង ស្ថិតក្នុងកងមាស ខេត្តកំពង់ចាម។

យោងតាមរបាយការណ៍របស់ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវ​ជន និងកីឡា បានឱ្យដឹងថា តបតាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលចិន​បាន​ឯក​ភាពផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់​សម្ភារ​បរិក្ខារ​អប់រំនៅកម្ពុជា។

គម្រោងកែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារ​បរិ​ក្ខារអប់រំនៅកម្ពុជា បានប្រើប្រាស់ថវិកាសរុប ២២.៥៩៥.៣៥០,១៤ដុល្លារអាមេរិក។ ក្នុងនោះថវិកា ២០.៤១៤.៩៩៥,១៤ដុល្លារអាមេរិក គាំទ្រដោយរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ២.១៨០.៣៥៥ដុល្លារអាមេរិក។ គម្រោងនេះត្រូវបានអនុវត្តចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២។

បើតាមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានឱ្យដឹងថា គម្រោងនេះបានសាងសង់​អគារ​សិក្សា អគារធនធាន ផ្ទះសំណាក់គ្រូ បង្គន់អនាម័យ អណ្តូងទឹក តារាងបាល់ទាត់ តារាងបាល់បោះ របង ផ្លូវ និងប្រឡាយទឹក (ប្រព័ន្ធរំដោះទឹក) នៅវិទ្យាល័យចំនួន២៦ និងមជ្ឈមណ្ឌលគរុកោសល្យ​ភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ចាម៕






 

Powered by Blogger.