កូរ៉េខាងជើង ផ្ដល់សច្ចាប័នលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក ជាមួយរុស្ស៉ី

 ប្រភព៖ Reuters

សេអ៊ូល៖ កូរ៉េខាងជើង បានផ្ដល់សច្ចាប័នលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកជាមួយរុស្ស៉ី ដែលត្រូវបានចុះហត្ថលេខាដោយមេដឹកនាំនៃប្រទេសទាំង២ កាលពីខែមិថុនា កន្លងទៅ ដែលមានចែងពីការធ្វើអន្តរាគមន៍ផ្ដល់ជំនួយ ក្នុងករណីភាគីម្ខាងណាមួយរងការវាយប្រហារប្រដាប់អាវុធ។

លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ក៏បានចុះហត្ថលេខារួចហើយដែរលើសន្ធិសញ្ញាខាងលើឱ្យក្លាយជាច្បាប់ជាផ្លូវការ ដែលមានចែងថាប្រទេសទាំង២ ត្រូវផ្ដល់ ជំនួយយោធាឱ្យគ្នាទៅវិញទៅមកភ្លាមៗ និងជំនួយដទៃទៀតដោយប្រើប្រាស់គ្រប់មធ្យោមបាយតាមដែលអាចធ្វើទៅបាន នៅក្នុងករណីដែលភាគីណាមួយស្ថិតក្នុងស្ថានភាព សង្រ្គាម ឬរងការវាយប្រហារ។

សេចក្ដីរាយការណ៍របស់ KCNA នៅថ្ងៃអង្គារ ទី១២ ខែវិច្ឆិកានេះ កើតមានឡើងចំពេលមានការរិះគន់ពីបណ្ដាប្រទេសលោកខាងលិច ចំពោះការបង្កើនកិច្ចសហប្រតិបត្តិការយោធា រវាងប្រទេសទាំង២ ដោយក្នុងនោះកូរ៉េខាងជើង ត្រូវបានចោទថាបានបញ្ជូនអាវុធ និងកងទ័ពទៅជួយរុស្ស៉ី ក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន។

បើតាម​ KCNA មេដឹកនាំកូរ៉េខាងជើង លោក គី​ម ជុងអ៊ុន បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីផ្ដល់សច្ចាប័នដល់សន្ធិសញ្ញាជាមួយរុស្ស៉ីកាលពីថ្ងៃចន្ទម្សិលមិញ ហើយសន្ធិសញ្ញានេះដែរនឹងត្រូវ ចូលជាធរមាននៅពេលដែលភាគីទាំង២ ផ្លាស់ប្ដូរឯកសារផ្ដល់សច្ចាប័នគ្នាទៅវិញទៅមក៕



 

Powered by Blogger.