សមាជិកសភាស្រ្តី និងសមាជិកសភាវ័យក្មេងបានស្វែងយល់អំពីគោលការណ៍ស្នូលនៃការចរចា និងការសម្រុះសម្រួល

ភ្នំពេញ៖ នារសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាជិកសភានៃប្រទេសក្នុងតំបន់អាស៊ាន រួមមាន កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន ម៉ាឡេស៊ី និងប្រទេសថៃ បានសិក្សាស្វែងយល់អំពីគោលការណ៍ និងវិធីសាស្រ្តនៃការចរចា នៅក្នុងសិក្ខាសាលាថ្នាក់តំបន់ ស្តីពី «ស្រ្តី សន្តិភាព និងសន្តិសុខ៖ បច្ចេកទេស និងវិធីសាស្រ្តចរចា និងសម្រុះសម្រួលក្នុងក្របខណ្ឌសភា» ដែលធ្វើបទបង្ហាញដោយវាគ្មិនមកពីមជ្ឈមណ្ឌលសម្រាប់ប្រតិបត្តិការអន្តរជាតិ (ZIF) នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥នៃរដ្ឋសភា បានអញ្ជើញធ្វើជាអ្នកដឹកនាំសម្របសម្រួលនៅក្នុងប្រធានបទ ស្តីពី គោលការណ៍សំខាន់ៗនៃការសម្រុះសម្រួល ចរចា និងកិច្ចសន្ទនា។ ឯកឧត្តមបានលើកឡើងថា កាលពីពេលថ្មីៗនេះ សមាជិកសភាមួយចំនួនបានចូលរួមនៅក្នុងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីសន្តិភាព និងការអត់ឱន ដែលរៀបចំដោយសភាកម្ពុជានៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២៣ ដល់ ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ពាក់ព័ន្ធទៅនឹងប្រធានបទកិច្ចពិភាក្សាថ្ងៃនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាពកម្ពុជាដែលបានទទួលពានរង្វាន់សន្តិភាពសម្រាប់មនុស្សជាតិនិងភពផែនដី ជាប្រវត្តិសាស្ត្រលើកទី១នៅក្នុងព្រឹត្តិការណ៍នោះ បានបញ្ជាក់ជាថ្មីនូវជំនឿដ៏ខ្ជាប់ខ្ជួនថា មាគ៌ាឆ្ពោះទៅរកសន្តិភាពប្រកបដោយបរិយាប័ន្ន និងសមធម៌សម្រាប់ប្រទេសកម្ពុជា មិនមែនស្ថិតនៅលើកម្លាំងយោធាទេ ប៉ុន្តែនៅក្នុងការសម្រុះសម្រួល ការចរចា និងការសន្ទនា ដើម្បីសម្រេចបានលទ្ធផលឈ្នះ-ឈ្នះ។
ជាងនេះទៅទៀត កម្ពុជាមានគោលបំណងលើកកម្ពស់បន្ថែមទៀតនូវការបញ្រ្ជាបតួនាទីស្ត្រីនៅក្នុងវិស័យសង្គម វប្បធម៌ នយោបាយ និងសេដ្ឋកិច្ច។ ភាពជាអ្នកដឹកនាំរបស់ស្ត្រីបានក្លាយជាឆ្អឹងខ្នងនៃប្រទេសកម្ពុជាងតាំងពីសតវត្សទី១មកម្ល៉េះ បច្ចុប្បន្ន រដ្ឋសភាកម្ពុជាមានសមាជិកសភាជាស្រ្តីប្រមាណ១៧% សមិទ្ធិផលដ៏សំខាន់បំផុតជាប្រវត្តិសាស្ត្រមួយនោះ គឺការបោះឆ្នោតជ្រើសរើសប្រធានសភាស្ត្រីដំបូងគេនៃរដ្ឋសភាកម្ពុជា គឺ សម្តេចមហារដ្ឋសភាធិការធីបតី ឃួន សុដារី ដែលពោរពេញដោយគតិបណ្ឌិតបញ្ញញាណវាងវៃនិងសកម្មបំផុតនៅក្នុងការដឹកនាំរដ្ឋសភាកម្ពុជា។
ឯកឧត្តមបានបន្ថែមថា រដ្ឋសភាកម្ពុជាកំពុងផ្តោតសំខាន់ទៅលើការកសាងនិងពង្រឹងសមត្ថភាព និងសិទ្ធិអំណាចរបស់ស្ត្រី ឱ្យចូលរួមយ៉ាងសកម្មនៅគ្រប់សកម្មភាព។ ដូច្នេះ ជំនាញនៅក្នុងការសម្រុះសម្រួល ការចរចាឬការតស៊ូមតិសម្រាប់ការផ្លាស់ប្តូរគោលនយោបាយ គោលការណ៍ស្នូលនៃការស្តាប់ដោយយកចិត្តទុដាក់ និងការស្វែងយល់ដ៏ស៊ីជម្រៅ គឺមានសារៈសំខាន់ណាស់សម្រាប់ស្រ្តីជាសមាជិកសភា។ ជំនាញទាំងនេះមិនត្រឹមតែមានសារៈប្រយោជន៍ផ្នែកការទូតប៉ុណ្ណោះទេ ថែមទាំងផ្តល់អត្ថប្រយោជន៍បន្ថែមនៅក្នុងការសម្រុះសម្រួលសភា និងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ស្ត្រីដើម្បីកសាងសន្តិភាពនិងសន្តិសុខផងដែរ ។ អ្នកចរចាប្រកបដោយប្រសិទ្ធភាពយល់ពីតម្លៃនៃដំណើរការរៀបចំត្រៀមបានត្រឹមត្រូវ ចេះប្រមូលព័ត៌មាន យល់ដឹងអំពីខ្លឹមសារ បរិបទវប្បធម៌និងនយោបាយ ចេះកំណត់គោលបំណង និងព្រំដែនរបស់យើងបានច្បាស់លាស់ មានភាពទន់ភ្លន់បត់បែន និងមានសមត្ថភាពសម្របខ្លួនទៅតាមកាលៈទេសៈដែលផ្លាស់ប្តូរក្នុងកំឡុងពេលចរចា នឹងធ្វើឱ្យសម្រេចបាននូវលទ្ធផលឈ្នះ-ឈ្នះ ។
ឯកឧត្តម បានគូសបញ្ជាក់ថា មេរៀនសំខាន់មួយទៀតគឺតួនាទីនៃភាពជាម្ចាស់ និងការកសាងទំនុកចិត្ត។ ដូចដែលបានឃើញនៅក្នុងដំណើរការកសាងសន្តិភាពរបស់កម្ពុជាផ្ទាល់ ការបង្កើតទំនុកចិត្តរវាងភាគីជម្លោះ គឺជាមូលដ្ឋានគ្រឹះមួយក្នុងការផ្លាស់ប្តូរពីភាពអវិជ្ជមានជាសត្រូវទៅជាដៃគូសហការ។ ការជឿទុកចិត្តអនុញ្ញាតឱ្យមានការទំនាក់ទំនងប្រកបដោយតម្លាភាព ការចរចាកាន់តែរលូន និងដំណោះស្រាយប្រកបដោយចីរភាព ។ ជាទីបំផុត ការចរចាប្រកបដោយជោគជ័យ ជាពិសេសក្នុងបរិបទស្ត្រី សន្តិភាព និងសន្តិសុខ ត្រូវបានចាក់ឫសដោយគោលការណ៍យុត្តិធម៌ សមភាព និងការផ្តោតលើទំនាក់ទំនងរយៈពេលវែង ជាជាងការគិតពីការទទួលបានផលរយៈពេលខ្លី៕











Powered by Blogger.