ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផ្តើមដំណើរទស្សនកិច្ចដំបូងទៅកាន់ប្រទេសចិន

ភ្នំពេញ៖ ក្រោយវិលត្រឡប់មកកាន់សរភូមិចាស់ បន្ទាប់ឃ្លាតឆ្ងាយជាងមួយឆ្នាំ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នឹងផ្តើមដំណើរទស្សនកិច្ចដំបូងទៅកាន់ប្រទេសចិននៅថ្ងៃនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្ស
កិច្ចនៅចិន ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ភាគីចិន។

ក្នុងឱកាសទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងលោក លីវ ជានឆា រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន។ លោក ឧបនាយករដ្ឋមន្ត្រី ក៏គ្រោងមានជំនួបជាមួយឥស្សរជនចិនផ្សេងទៀតផងដែរ។

ស្របពេលដែលឆ្នាំ២០២៤ គឺជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន ដំណើរទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិន មានគោលបំណងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលបានការទុកចិត្តពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងទទួលការគាំទ្រពីសមាជិករដ្ឋសភា បោះឆ្នោតឱ្យរូបឯកឧត្តមវិលចូលសមរភូមិចាស់វិញ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤៕






 

Powered by Blogger.