បារាំង និងអាល្លឺម៉ង់ ជួបពិភាក្សាគ្នាបន្ទាន់ ជុំវិញការឈ្នះឆ្នោតរបស់លោក ត្រាំ
ប្រភព៖ Reuters
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានជួបប្រជុំគ្នាជាបន្ទាន់ នៅថ្ងៃពុធ តាមរយៈការសន្ទនាតាមទូរស័ព្ទ ដើម្បីពិភាក្សាអំពីផលជះ នៃការវិលត្រឡប់របស់លោក ដូណាល់ ត្រាំ មកកាន់តំណែងប្រធានាធិបតីអាមេរិក។
មេដឹកនាំទាំងពីរ បានសន្យាថានឹងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ
ដើម្បីពង្រឹងសហភាពអឺរ៉ុប និងការពារផលប្រយោជន៍របស់អឺរ៉ុប ក្នុងបរិបទថ្មីនេះ។
ការវិលត្រឡប់របស់លោក ត្រាំ
មកកាន់តំណែងប្រធានាធិបតីអាមេរិក បានបង្កើតការប្រុងប្រយ័ត្ន
និងការព្រួយបារម្ភក្នុងចំណោមមេដឹកនាំអឺរ៉ុប
ដែលធ្លាប់មានទំនាក់ទំនងមិនល្អជាមួយលោកកាលពីអាណត្តិមុន។
មេដឹកនាំទាំងនោះកំពុងតែរៀបចំយុទ្ធសាស្រ្ត ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗ
និងការពារផលប្រយោជន៍របស់សហភាពអឺរ៉ុប។
លោក Macron បានសរសេរនៅលើបណ្តាញសង្គម
X ថា «ប្រទេសទាំងពីរនឹងខិតខំប្រឹងប្រែង
ដើម្បីពង្រឹងឯកភាព និងអធិបតេយ្យភាពរបស់អឺរ៉ុប ក៏ដូចជាការពារផលប្រយោជន៍
និងគុណតម្លៃរបស់អឺរ៉ុប ក្នុងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក»។
រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ
ក៏បានគ្រោងជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីយុទ្ធសាស្រ្តរួម
ជាពិសេសទាក់ទងនឹងសង្រ្គាមនៅអ៊ុយក្រែនផងដែរ។ ថ្បិតថាមានការព្រួយបារម្ភថា លោក ត្រាំ
អាចនឹងមិនគាំទ្រអ៊ុយក្រែន ដូចរដ្ឋបាល បៃដិន នោះទេ៕
Post a Comment