រដ្ឋបាលខេត្តក្រចេះចេញប្រកាសព័ត៌មាន ជុំវិញករណីចូលទន្ទ្រានកាន់កាប់ដោយខុសច្បាប់លើទីតាំងដីក្រុមហ៊ុនដែលបានទទួលសិទ្ធិវិនិយោគ ក្នុងស្រុកអូរគ្រៀងសែនជ័យ

អត្ថបទ៖ ស៊ាន ច័ន្ទដា

ខេត្តក្រចេះ៖ រដ្ឋបាលខេត្តក្រចេះបានចេញសេចក្តីប្រកាសព័ត៌មាន ដល់មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ សាធារណជន និងប្រជាពលរដ្ឋដែល ចូលទន្ទ្រានកាន់កាប់ដោយខុសច្បាប់លើទីតាំងដីក្រុមហ៊ុនកាម៉ាដេនូ វេនឈ័រ (ខេមបូឌា) លីមីធីត និងក្រុមហ៊ុន អិន ខេ អេហ្គ្រី (ខេមបូឌា) លីមីធីត ស្ថិតនៅឃុំកោះខ្ញែរ ឃុំសណ្តាន់ ស្រុកសំបូរ និងឃុំអូរគ្រៀង ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ក្រុមហ៊ុន បានទទួលសិទ្ធិវិនិយោគដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលនៅឆ្នាំ២០០៩ និងឆ្នាំ២០១០ និងបានចុះបញ្ជីជាដីឯកជនរបស់រដ្ឋចេញវិញ្ញាបនបត្រសម្គាល់អចលនវត្ថុនៅក្នុងឆ្នាំ២០១០ និងឆ្នាំ២០១៣ និងបានធ្វើការកាត់ឆ្វៀលចេញនូវដីព្រៃរក្សាទុក ដីទ្រនាប់អូរ ដីសាធារណៈផ្សេងៗ និងដីដែលប្រជាពលរដ្ឋ បានអាស្រ័យផលចេញរួចរាល់។
រដ្ឋបាលខេត្តក្រចេះ សូមធ្វើការបដិសេធ និងប្រកាសមិនទទួលស្គាល់ចំពោះប្រជាពលរដ្ឋដែលកំពុងកាន់កាប់លើទីតាំងដីក្រុមហ៊ុនកាម៉ាដេនូ វេនឈ័រ (ខេមបូឌា)លីមីធីត និងក្រុមហ៊ុន អិន ខេ អេហ្គ្រី (ខេមបូឌា) លីមីធីត ដោយខុសច្បាប់ និងសូមប្រកាសបិទបញ្ចប់សំណុំរឿង មិនលើកយកមកធ្វើការដោះស្រាយបន្តឡើយ។ ជាមួយគ្នានេះ ប្រសិនជាបងប្អូនប្រជាពលរដ្ឋដែលកាន់កាប់ដីខុសច្បាប់ខាងលើ ពុំមានដីពិតប្រាកដមែន សូមបងប្អូនប្រជាពលរដ្ឋដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ច តាមរយៈរដ្ឋបាលឃុំ ស្រុក ជូនគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត។
ករណីមានការតវ៉ា និងទាមទារក្រោមរូបភាពណាមួយក្នុងគោលបំណងកាន់កាប់ដីខាងលើនេះ រដ្ឋបាលខេត្តក្រចេះ សូមអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សហការជាមួយរដ្ឋបាលខេត្តក្រចេះ ដើម្បីមានវិធានការអនុវត្តតាមនីតិវិធីច្បាប់៕






Powered by Blogger.