រាជធានីភ្នំពេញត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ មានទូក ង ចូលរួមប្រកួតប្រជែងចំនួន ៣៤៦ទូក លើសពីឆ្នាំកន្លងទៅ ខណៈចំនួនប្រទីបមកពីតាមក្រសួង ស្ថាប័នក៏មានច្រើនជាងឆ្នាំមុន។
ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ
អកអំបុក ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ១៤-១៥កើត និងថ្ងៃ១រោច ខែកត្តិក
ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤
នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង។
ដើម្បីរៀបចំកម្មវិធីប្រកួតអុំទូកនៅរាជធានីភ្នំពេញដូចឆ្នាំមុនៗ
ស្របទៅតាមប្រពៃណី ទំនៀមទម្លាប់ជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ
ដោយធានាបានសុវត្ថិភាព ការសប្បាយរីករាយផងនោះ
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក៏បានធ្វើការណែនាំដល់ក្រសួង ស្ថាប័ន
អង្គភាពពាក់ព័ន្ធលើកិច្ចការមួយចំនួនផងដែរ។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប
និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ នឹងធ្វើឡើងនៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង
ដើម្បីបើកឱកាសជូនប្រជារាស្ត្រ បានចូលរួមទស្សនាកម្សាន្ត សប្បាយរីករាយ
អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរយើង ដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ
ដោយមានបណ្តែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ បុរាណ និងសម្តែងសិល្បៈ
ទាំង៣រាត្រី៕
Post a Comment