សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» ចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ

ភ្នំពេញ៖ សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទក្រហមកម្ពុជា ឧបត្ថម្ភគាំទ្រលើការចំណាយផ្សេងៗ ដល់ទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» សម្រាប់ការ​ចូល​រួម​ប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំ២០២៤នេះ។

ចាប់តាំងពីឆ្នាំ២០០២មក ទូកងខ្មែរកម្ពុជាក្រោមមានជ័យ ចូលរួមការប្រកួតក្នុង​ព្រះរាជពិធី​បុណ្យ​អុំទូក​ជារៀងរាល់ឆ្នាំ ទោះបីមានលទ្ធភាពខ្សត់ខ្សោយ ហើយឆ្នាំខ្លះមានការខ្វះខាតក្តី ក៏ទូកងខ្មែរ​កម្ពុជា​មានជ័យតែងតែចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក។ ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ​២០២៤នេះ អាចរាប់ថាជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ទូកងខ្មែរកម្ពុជាក្រោមមានជ័យ ទទួលបានការឧបត្ថម្ភ​ដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន ​សម្រាប់​ការហូបចុក និងការចំណាយផ្សេងៗ​រយៈ​ពេល៣ថ្ងៃ​នៃ​ព្រះរាជពិធី។

ការជួយទំនុកបម្រុងរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានក្លាយទៅជាកម្លាំងចិត្ត​ដ៏​មហិ​​មា និងជាក្តីរីករាយជាទីបំផុតសម្រាប់គណៈកម្មការ និងចំណុះទូកទាំងអស់។ គណៈកម្មការ ក៏ដូចជាចំណុះទូក បានកត់ សម្គាល់ថា ការជួយទំនុកបម្រុងនេះ បង្ហាញឱ្យឃើញពីទឹកចិត្តគិតគូរ និងយកចិត្តទុកដាក់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះខ្មែរកម្ពុជាក្រោម៕




 

 

Powered by Blogger.