អ៊ីរ៉ង់សាងសង់ផ្លូវរូងក្រោមដីការពារ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃអង្គារសប្តាហ៍នេះថា អ៊ីរ៉ង់កំពុងសាងសង់ «ផ្លូវរូងក្រោមដីការពារ» នៅក្នុងរដ្ឋធានីតេអេរ៉ង់ បន្ទាប់ពីការវាយប្រហារដោយអ៊ីស្រាអែលលើគោលដៅយោធា ក្នុងប្រទេសអ៊ីរ៉ង់កាលពីខែមុន។

កាលពីខែមុន អ៊ីស្រាអែលបានបើកការវាយប្រហារជាលើកដំបូង ទៅលើទឹកដីអ៊ីរ៉ង់ ដោយវាយប្រហារទៅលើរោងចក្រផលិតមីស៊ីល និងទីតាំងយោធាផ្សេងទៀត។ ការវាយប្រហារនេះគឺជាការឆ្លើយតបរបស់អ៊ីស្រាអែល ទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់ លើទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី០១ ខែតុលា។

ផ្លូវរូងក្រោមដីនេះ នឹងតភ្ជាប់ស្ថានីយរថភ្លើងក្រោមដីទៅកាន់មន្ទីរពេទ្យ Imam Khomeini ដើម្បីជួយសម្រួលដល់ការធ្វើដំណើរនិងការជម្លៀសអ្នកជំងឺ ក្នុងករណីមានអាសន្ន។ មន្ត្រីក្រុងតេអេរ៉ង់បានប្រកាសថា ទីក្រុងនេះកំពុងសាងសង់ផ្លូវរូងក្រោមដីមួយ ដែលមានមុខងារការពារជាលើកដំបូង នៅក្នុងប្រទេសអ៊ីរ៉ង់។ ផ្លូវរូងក្រោមដីនេះ អាចប្រើសម្រាប់ការពារប្រជាជន ក្នុងករណីមានការវាយប្រហារ ឬគ្រោះមហន្តរាយ៕



 

Powered by Blogger.