ក្រសួងប្រៃសណីយ៍មានបំណងបង្កើនចំនួនធនធានមនុស្សជំនាញឌីជីថលនៅកម្ពុជាឲ្យបាន១០ម៉ឺននាក់នៅឆ្នាំ២០៣០
ភ្នំពេញ៖ ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន លោក ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ក្រសួងមានបំណងបង្កើនធនធានមនុស្សលើជំនាញឌីជីថលនៅកម្ពុជាឲ្យបានដល់ ១០ ម៉ឺននាក់ នៅឆ្នាំ២០៣០,បង្កើនអត្រាអក្ខរកម្មឌីជីថលមូលដ្ឋានក្នុងចំណោមសិស្សបញ្ចប់ការសិក្សាទុតិយភូមិបានដល់ ១០០% និងអត្រាប្រជាពលរដ្ឋមានកម្រិតអក្ខរកម្មឌីជីថលមូលដ្ឋានមានដល់ ៥០% នៅឆ្នាំ២០៣០។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយ
និងជំរុញការប្រើប្រាស់ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ
និងព័ត៌មាន ដែលហៅកាត់ថា ក្របខណ្ឌ អ.ឌ.ប.ព នេះ មានសារៈសំខាន់ណាស់
ដើម្បីផ្សព្វផ្សាយកិច្ចការខាងលើនេះដល់អ្នកបច្ចេកទេស
សំខាន់អ្នកដែលធ្វើការពាក់ព័ន្ធនឹងការរៀបចំកម្មវិធីសិក្សា កម្មវិធីផ្សព្វផ្សាយនានា
ពីការអនុវត្តរួមទាំងបញ្រ្ជាបការប្រើប្រាស់ក្របខណ្ឌនេះទៅក្នុងប្រព័ន្ធអប់រំផ្លូវការ
និងក្រៅផ្លូវការ។
លោក ជុន វ៉ាត
បានបន្តថា ក្របខណ្ឌសមត្ថភាព អ.ប.ឌ.ព ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ
សេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា,
ក្របខណ្ឌរដ្ឋាភិបាលឌីជីថល និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧
ដែលផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្សឌីជីថលទាំងការអភិវឌ្ឍធនធានជំនាញឌីជីថល
និងការលើកកម្ពស់សមត្ថភាពប្រើប្រាស់របស់ប្រជាពលរដ្ឋទូទៅ ដើម្បីចាប់យកនិងប្រើប្រាស់បច្ចេកវិទ្យាក្នុងប្រតិបត្តិការសេដ្ឋកិច្ចនិងសង្គម។
លោកថា ការធានាបាននូវការអភិវឌ្ឍធនធានមនុស្សប្រកបដោយប្រសិទ្ធិភាព
និងគុណភាព ទាមទារនូវការដាក់ចេញនូវទិសដៅច្បាស់លាស់
ព្រមទាំងក្របខណ្ឌសមត្ថភាពជាក់លាក់សម្រាប់តម្រង់ទិសកម្មវិធីបណ្តុះបណ្តាលនានា។
លោកក៏បានឲ្យដឹងដែរថា កន្លងមក
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានផ្តល់អាទិភាពលើកិច្ចការអភិវឌ្ឍធនធានមនុស្សនេះជាចម្បង។
លោកថា
យើងបានដាក់ចេញនូវកម្មវិធីជាច្រើនដើម្បីជំរុញការលើកកម្ពស់គុណវុឌ្ឍិនៃការអប់រំមុខជំនាញបច្ចេកវិទ្យាឌីជីថល។
កម្មវិធីទាំងនោះមានដូចជា៖ ទី១/ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល
ដែលក្នុងនោះក្រសួងបានផ្តល់អាហារូបករណ៍ជាប្រចាំសម្រាប់សិស្សឆ្នើមឱ្យចូលរៀនជំនាញបច្ចេកវិទ្យាឌីជីថល
និងបានបង្កើតកម្មវិធីផ្តល់ឥណទានឥតការប្រាក់លើការចំណាយបង់ថ្លៃសិក្សាដល់សិស្សានុសិស្សទាំងឡាយដែលមានបំណងបន្តការសិក្សាផ្នែកបច្ចេកវិទ្យានេះនៅថ្នាក់ឧត្តមសិក្សា។
ទី២/ កម្មវិធីជំនួយហិរញ្ញប្បទាន
ដើម្បីពង្រឹងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសដែលជាដៃគូក្នុងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញឌីជីថលរយៈពេលខ្លី។
ទី៣/រៀបចំផែនទីចង្អុលផ្លូវជំនាញឌីជីថល (Digital
Skill Roadmap) សម្រាប់តម្រង់ទិស
ការបណ្តុះបណ្តាលជំនាញឌីជីថលកម្រិតឧត្តមសិក្សាដើម្បីឆ្លើយតបនឹងនិន្នាការវិវត្តន៍របស់បច្ចេកវិទ្យាទាំងក្នុងតំបន់
និងពិភពលោក។ ទី ៤/រៀបចំកសាង “មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍(Community
Tech Center)” នៅតាមវិទ្យាល័យសាធារណៈទូទាំងប្រទេសដើម្បីផ្តល់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាចាំបាច់សម្រាប់ការបង្រៀនសិស្ស
និងសហគមន៍នៅតំបន់ដាច់ស្រយាល និងទី៥/ រៀបចំ
មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល(Digital Tech Center) និងការតភ្ជាប់អ៊ីនធឺណិតល្បឿនលឿនដល់គ្រឹះស្ថានឧត្តមសិក្សា
និងការបង្កើតនូវ ប្រព័ន្ធគ្រប់គ្រងសកលវិទ្យា (University Management
System)។
លោករដ្ឋលេខាធិការបានបន្ថែមថា ជាគោលដៅនៃការដាក់ចេញនូវអន្តរាគមន៍គោលនយោបាយខាងលើ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានបំណងបង្កើនចំនួនធនធានមនុស្សជំនាញឌីជីថលនៅកម្ពុជាឱ្យបានដល់
១០ម៉ឺននាក់ នៅឆ្នាំ២០៣០, បង្កើនអត្រាអក្ខរកម្មឌីជីថលមូលដ្ឋានក្នុងចំណោមសិស្សបញ្ចប់ការសិក្សាទុតិយភូមិបានដល់
១០០% និងអត្រាប្រជាពលរដ្ឋមានកម្រិតអក្ខរកម្មឌីជីថលមូលដ្ឋានមានដល់៥០%នៅក្នុងឆ្នាំ២០៣០។
ទន្ទឹមនោះ ក្រៅពីកិច្ចខិតខំជំរុញកសាងមូលធនមនុស្សឌីជីថលខាងលើ
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
ក៏បានបំពេញបេសសកម្មស្នូលរបស់ខ្លួនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់ឌីជីថល
ដែលមានវឌន្ឍភាពគួរឲ្យកត់សម្គាល់ មានជាអាទិ៍ ការពង្រីកវិសាលភាពគ្របដណ្តប់នៃសេវាទូរគមនាគមន៍
និងពង្រឹងសមត្ថភាពនៃបណ្តាញដែលមានស្រាប់តាមរយៈការសាងសង់ស្ថានីយ៍អង់តែនបន្ថែម
និងការរាយបណ្តាញខ្សែកាបអុបទិកឆ្អឹងខ្នង និងតភ្ជាប់នៅក្នុងរាជធានីភ្នំពេញ
តំបន់ទីប្រជុំជន និងតំបន់ទេសចរណ៍ជាដើម
ក្នុងនោះយើងមានគោលដៅតភ្ជាប់បណ្តាញខ្សែកាបអុបទិកនិងអ៊ីនធឺណិតដល់គ្រប់ឃុំសង្កាត់
ត្រឹមឆ្នាំ២០២៧។ នេះជាការលើកទ្បើងរបស់លោករដ្ឋលេខាធិការ។
លោក ជុន វ៉ាត ក៏បានថ្លែងឲ្យដឹងដែរថា
ក្រៅពីកិច្ចការសំខាន់ៗខាងលើ
ក្រសួងក៏បានខិតខំអនុវត្តគម្រោងតបណ្តាញខ្សែកាបអុបទិចក្រោមបាតសមុទ្របន្ថែមទៀត
ដើម្បីធានាបាននូវការផ្គត់ផ្គង់តម្រូវការប្រើប្រាស់គ្រប់គ្រាន់ប្រកបដោយគុណភាពផងដែរ។
យ៉ាងណាក៏ដោយលោករដ្ឋលេខាធិការនៅបានឲ្យដឹងដែរថា
ការលើកកម្ពស់អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន
ស្របតាមគោលដៅខាងលើ គឺទាមទារឱ្យមានការបង្កើតនូវក្របខណ្ឌសមត្ថភាពអ.ឌ.ប.ព
ដែលមានការឯកភាពគ្នាមួយ និងកំណត់ច្បាស់លាស់អំពីសមត្ថភាព ឥរិយាបថ និងលក្ខណៈសម្បត្តិរបស់
“ពលរដ្ឋឌីជីថល” ដែលជាសសរស្តម្ភសំខាន់ក្នុងការទ្រទ្រង់ដល់សេដ្ឋកិច្ចនិងសង្គមឌីជីថល។ ក្របខណ្ឌអ.ឌ.ប.ព ជាឧបករណ៍ដ៏មានសារៈសំខាន់សម្រាប់ជំរុញការអនុវត្ត
ការកសាងពលរដ្ឋឌីជីថល ប្រកបដោយភាពជាក់លាក់ អាចវាស់វែងបាន
និងស្របតាមបរិបទជាក់ស្តែងរបស់កម្ពុជា
ដែលក្របខណ្ឌនេះនឹងត្រូវប្រើប្រាស់ជាមូលដ្ឋានសម្រាប់
ការរៀបចំកម្មវិធីបណ្តុះបណ្តាល
និងលើកកម្ពស់អក្ខរកម្មឌីជីថលសម្រាប់សិស្សានុសិស្ស ប្រជាពលរដ្ឋទូទៅ។
ការរៀបចំកម្មវិធីលើកកម្ពស់ការយល់ដឹងលើបញ្ហានានាពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយ
ព័ត៌មាន និងឌីជីថល។ ការពិនិត្យនិងកែលំអឡើងវិញនូវកម្មវិធីសិក្សាដែលមានស្រាប់ និង
ការវាយតម្លៃកម្រិតសមត្ថភាពអក្ខរកម្មឌីជីថលរបស់ប្រជាពលរដ្ឋកម្ពុជា។
ជាមួយនោះលោកក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់
ប្រើប្រាស់នូវក្របខណ្ឌរួមនេះ សម្រាប់ការអនុវត្តសកម្មភាព
ឬកម្មវិធីទាំងឡាយក្នុងគោលដៅលើកកម្ពស់អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ
និងព័ត៌មាននៅកម្ពុជា ដើម្បីធានាសង្កតិភាពចំពោះគ្នាទៅវិញទៅមក
និងអាចវាស់វែងបាន។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
បានរៀបចំនូវផែនការគាំទ្រជំរុញការប្រើប្រាស់ក្របខណ្ឌរួម
ព្រមទាំងការលើកកម្ពស់អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយនិងឌីជីថលដែលរួមមាន
ការផ្តល់នូវហិរញ្ញប្បទានខ្នាតតូចសម្រាប់គម្រោងកែលម្អកម្មវិធីសិក្សា,កម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល, កម្មវិធីបណ្តុះបណ្តាលអ.ឌ.ប.ព, កម្មវិធីលើកកម្ពស់ការយល់ដឹងទាំងឡាយណា ដែលអនុលោមតាមក្របខណ្ឌអ.ឌ.ប.ព
នេះ។ បង្កើតនូវ ក្រុមយុវជនឌីជីថល
ដោយផ្សារភ្ជាប់ជាមួយនិងការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍។ ក្រុមយុវជនឌីជីថលនិងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់ឥរិយាបថនៃការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពជឿជាក់និងការទទួលខុសត្រូវ
ការចែករំលែកចំណេះដឹងបន្តដល់មិត្តភក្តិ ក្រុមគ្រួសារនិងសហគមន៍។
បង្កើតធនធានគាំទ្រលើកកម្ពស់សមត្ថភាព អ.ឌ.ប.ព តាមប្រព័ន្ធអនឡាញ
និងជំរុញសកម្មភាពស្វ័យសិក្សា។ បង្កើតនូវឧបករណ៍សម្រាប់វាស់ស្ទង់សមត្ថភាព អ.ឌ.ប.ព
នេះ៕
Post a Comment