ក្រសួងបរិស្ថានចុះអប់រំផ្សព្វផ្សាយការអនុវត្តវិធីសារម៉ុងរ៉េអាល់ស្តីពី «សារធាតុបំផ្លាញស្រទាប់អូហ្សូន»

អត្ថបទ៖ ម៉ា សុភាព

ខេត្តបន្ទាយមានជ័យ៖ លោក​ យ៉ាំ ណារិទ្ធ​  អនុប្រធាននាយកដ្ឋាន នៃក្រសួងបរិស្ថាន ដោយសហការជាមួយមន្ទីរបរិស្ថានខេត្ត កាលពីថ្មីៗនេះ បានចុះធ្វើការអប់រំផ្សព្វផ្សាយការអនុវត្តពិធី​សារម៉ុងរ៉េអាល់ស្ដីពី «សារធាតុបំផ្លាញស្រទាប់អូហ្សូន​» ដោយមានការចូលរួមពីមន្ត្រីមន្ទីរអង្គភាពពាក់ព័ន្ធ ម្ចាស់សិប្បកម្ម ម្ចាស់ហាងលក់ម៉ាស៊ីនត្រជាក់នៅក្នុងខេត្តបន្ទាយមានជ័យ។

លោក​ ផៃ​ សុភី​ អនុប្រធានមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យបានលើកឡើងថា​ ការប្រជុំផ្សព្វផ្សាយនេះ គឺប្រយោជន៍ចូលរួមរៀបចំអនុវត្តឲ្យកាន់តែមានការគាំទ្របរិស្ថាន​ ការអភិរក្សធនធានធម្មជាតិ​ ដើម្បីឆ្លើយតបនូវគោលនយោបាយ​ បញ្ចកោណ​ របស់រាជរដ្ឋាភិបាលកម្ពុជា​ និងបំផុសចលនាអប់រំការយល់ដឹង​ ឲ្យបានទូលំទូលាយ​ ។

លោកបន្តថា តាមរយៈបទបង្ហាញរបស់ក្រសួងបរិស្ថាន​ គឺយើងជាប្រទេសកំពុងអភិវឌ្ឍន៍មានគោលដៅលុបបំបាត់សារធាតុ​ HCFC ដែលបំផ្លាញស្រទាប់អូហ្សូនឲ្យបាន ១០០% ក្នុងឆ្នាំ២០៣០ ខាងមុខនេះ។

លោក​ យ៉ាំ ណារិទ្ធ​ អនុប្រធាននាយកដ្ឋាន នៃក្រសួងបរិស្ថាន បានថ្លែងបញ្ជាក់អង្គប្រជុំថា​ កន្លងមករាជរដ្ឋាភិបាលកម្ពុជា​ បានអនុវត្តសារាចរលេខ ០១​ ស.រ​ ចុះថ្ងៃទី០២​ ខែមករាឆ្នាំ២០២០​ ស្ដីពីវិធានការទប់ស្កាត់កាត់បន្ថយការបំពុលខ្យល់សាធារណៈ ដើម្បីគ្រប់គ្រងទីតាំងប្រភព ខ្យល់ឲ្យបានកាន់តែប្រសើរសម្រាប់ធានានូវសុវត្ថិភាព និងសុខុមាលភាពដល់បងប្អូនប្រជាពលរដ្ឋទូទៅ​ ។

លោកបញ្ជាក់ថា រាជរដ្ឋាភិបាល បានធ្វើការណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តនូវវិធានការនេះធ្វើការផ្សព្វផ្សាយ​ ឱ្យបានផុលផុសរួមមានការការពារទប់ស្កាត់បញ្ហាភ្លើងឆេះព្រៃ​ កការដុតសំណល់រឹងសំរាមនៅតាមទីចំហ​ ឬតាមទីសាធារណៈ និងការឆេះតាមទីលានចាក់សំរាម​  អប់រំដល់ប្រជាពលរដ្ឋឲ្យចូលរួមថែរក្សាប្រពៃណីដាំដើមឈើរុក្ខជាតិបៃតង​ និងអប់រំឲ្យចូលរួមកាត់បន្ថយ​ការប្រើប្រាស់យានយន្តចាស់ៗដែលនាំឲ្យមានការបញ្ចេញផ្សែងខ្មៅច្រើននៅក្នុងបរិយាកាស៕






Powered by Blogger.