កម្ពុជា-ហូឡង់ ប្តេជ្ញាពង្រឹង កិច្ចសហប្រតិបត្តិការ នយោបាយ និងសេដ្ឋកិច្ច ឲ្យកាន់តែស៊ីជម្រៅ
ភ្នំពេញ ៖ កម្ពុជា និងហូឡង់ បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញទំនាក់ទំនងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ចឲ្យកាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍ នៃប្រជាជាតិទាំងពីរ ។
ការប្ដេជ្ញាចិត្តនេះធ្វើឡើង
នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងជំនួបរវាងឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក Remco Johannes van Wiljngaarden ឯកអគ្គរាជទូតហូឡង់ប្រចាំកម្ពុជា ។
ក្នុងជំនួបនេះដែរ
ភាគីទាំងពីរបានពិភាក្សាប្រកបដោយអត្ថន័យ ដោយបានគូសបញ្ជាក់អំពី
ទំនាក់ទំនងទ្វេភាគីដ៏យូរលង់ រវាងកម្ពុជា និងហូឡង់ ព្រមទាំងបានអះអាងសារជាថ្មីនូវ
ការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញទំនាក់ទំនងនេះ និង
ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីផលប្រយោជន៍ នៃប្រជាជាតិទាំងពីរ។
ភាគីទាំងពីរបានកត់សម្គាល់ ដោយការពេញចិត្ត ពីភាពជោគជ័យ នៃការរៀបចំកិច្ច
ពិគ្រោះយោបល់លើកទី១ នៅទីក្រុងឡាអេ កាលពីឆ្នាំមុន និងត្រៀមខ្លួន
ក្នុងការរៀបចំកិច្ចពិគ្រោះយោបល់លើកទី២ នៅកម្ពុជា នៅឆ្នាំក្រោយ។
ឧបនាយករដ្ឋមន្ត្រី
សុខ ចិន្តាសោភា បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ យ៉ាងមុតមាំរបស់កម្ពុជា
លើការអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ច ដោយបានស្វាគមន៍ការវិនិយោគ
នៅគ្រប់កម្រិតពីប្រទេសហូឡង់ ព្រមទាំងបានបញ្ជាក់ឡើងវិញ
ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបង្កើតបរិយាកាសវិនិយោគ ប្រកបដោយអំណោយផល។ ឯកឧត្តម
ឧបនាយករដ្ឋមន្រ្តី ក៏បានចែករំលែកអំពីវឌ្ឍនភាពនៃ ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា
រួមទាំងការបញ្ចប់ឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (Least Developed Country) ក្នុងឆ្នាំ២០២៩ ក៏ដូចជាការយកចិត្តទុកដាក់របស់
រាជរដ្ឋាភិបាលចំពោះការអភិវឌ្ឍធនធានមនុស្ស និងទំនើបបកម្មបច្ចេកវិទ្យា
នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាគោលដៅដ៏សំខាន់
ក្នុងការអភិវឌ្ឍន៍ជាតិផងដែរ ។
លោកទូតហូឡង់
បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ ប្រទេសហូឡង់ក្នុងការគាំទ្រ
ធុរកិច្ចហូឡង់នៅកម្ពុជា ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាព
ដែលនឹងចូលរួមចំណែកដល់អាទិភាព អភិវឌ្ឍន៍សំខាន់ៗនៅកម្ពុជា
ដូចជាតាមរយៈការពង្រឹងធនធានមនុស្ស។ ភាគីទាំងពីរក៏បានចែករំលែកទស្សនៈ
ស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមផងដែរ៕
Post a Comment