ឥណ្ឌូណេស៊ី គ្រោងជម្លៀសមនុស្ស ១៦,០០០នាក់ ក្រោយផ្ទុះភ្នំភ្លើង Lewotobi Laki-laki
ប្រភព៖ Reuters
ហ្សាការតា៖ មន្រ្តីម្នាក់បាននិយាយ នៅថ្ងៃអង្គារ ទី៥ ខែវិច្ឆិកាថា រដ្ឋាភិបាលឥណ្ឌូណេស៉ី ត្រៀមជម្លៀសអ្នកស្រុកជាង ១៦,០០០នាក់ចេញពីភូមិមួយ ដែលស្ថិតនៅជុំវិញភ្នំភ្លើងសកម្ម Lewotobi Laki-laki និងដែលបានបណ្តាលឱ្យមនុស្ស ៩នាក់ស្លាប់ ក៏ដូចជាបំផ្លាញផ្ទះរាប់ពាន់ខ្នង។
បន្ទាប់ពីភ្នំភ្លើងមួយនេះផ្ទុះឡើង មនុស្សចំនួន
៩នាក់បានស្លាប់ របួស ៦៣នាក់ ហើយផ្ទះចំនួន ២,៣៨៤ខ្នង
និងសាលារៀនចំនួន ២៥ ត្រូវរងការខូចខាត។ រដ្ឋបាលតំបន់ បានប្រកាសភាពអាសន្ន
សម្រាប់រយៈពេល ៥៨ថ្ងៃ។
ភ្នំភ្លើង Lewotobi Laki-laki នៅលើកោះ Flores ក្នុងខេត្ត East Nusa
Tenggara បានផ្ទុះកាលពីយប់ថ្ងៃអាទិត្យ ចុងសប្តាហ៍មុន
ហើយបញ្ចេញសកម្មភាពផ្ទុះតិចតួចបន្ថែមទៀត នៅថ្ងៃចន្ទសប្តាហ៍នេះ
ជាហេតុនាំឱ្យឥណ្ឌូណេស៉ី បន្តដាក់ការប្រកាសអាសន្នភ្នំភ្លើងកម្រិតខ្ពស់។
ការជម្លៀសត្រូវបានរារាំងដោយសារផេះភ្នំភ្លើងក្រាស់ៗ នៅតាមផ្លូវមួយចំនួន។
លោក Heronimus Lamawuran អ្នកនាំពាក្យរបស់រដ្ឋបាលតំបន់ East
Flores បានប្រាប់ Reuters ថាគិតត្រឹមព្រឹកថ្ងៃអង្គារនេះ
អ្នកស្រុកប្រហែល ២,៤៧២នាក់ក្នុងចំណោម ១៦,០៨៦នាក់ មកពីភូមិចំនួន ៨ ត្រូវបានជម្លៀសចេញហើយ។
លោក Heronimus បញ្ជាក់ថា «យើងនឹងជម្លៀសអ្នកស្រុក រហូតដល់មានសុវត្ថិភាព
សម្រាប់ពួកគេត្រឡប់ទៅវិញ។ អ្នកស្រុកទាំងនោះ ត្រូវជម្លៀសទៅកាន់សាលារៀនចំនួន ៣
និងជម្រកបណ្តោះអាសន្ននៅឯភូមិមួយ ចម្ងាយប្រហែល ២០គីឡូម៉ែត្រពីភ្នំភ្លើងផ្ទុះ។
យើងបានដាក់ពង្រាយរថយន្តបន្ថែមទៀត រួមជាមួយបុគ្គលិកយោធា ប៉ូលិស
ដើម្បីជួយដល់ដំណើរការជម្លៀស»៕
Post a Comment