ខេត្តស្ទឹងត្រែងទទួលបានពានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងចំណោមខេត្តជ័យលាភីទាំង១៤
អត្ថបទ៖ ដេង ម៉ាវិន (ស្ទឹងត្រែង)
ខេត្តស្ទឹងត្រែង៖ ខេត្តស្ទឹងត្រែងប្រារព្ធពិធីអបអរសាទរ ក្នុងការទទួលបានពានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងចំណោមខេត្តជាប់ជ័យលាភីទាំង១៤ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជន ។
ថ្លែងនៅព្រឹកថ្ងៃទី១៦ធ្នូនេះ ឯកឧត្ដម សរ សុពុត្រា អភិបាលខេត្តបានបានគូសបញ្ជាក់ថា៖ជ័យលាភីនេះ គឺកើតឡើងពីការយកចិត្តទុកដាក់និងការខិតខំប្រឹងប្រែងយ៉ាងសកម្ម សាមគ្គីភាព ការតាំងចិត្ត បេ្តជ្ញាចិត្ត រួមគ្នា របស់អាជ្ញាធរមូលដ្ឋាន ដោយសហការគ្នាយ៉ាងជិតស្និទ្ធពីដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាពលរដ្ឋ ក្នុងបេសកកម្មការងារលើកកម្ពស់អនាម័យជនបទនាពេលកន្លងមក!ទាំងនេះគឺឆ្លុះបញ្ចាំងឱ្យឃើញពីកម្រិតយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការប្រតិបត្តិអនាម័យ ។
ក្នុងឱកាសប្រគល់ពានជ័យលាភី ដល់រដ្ឋ្ឋបាលខេត្តស្ទឹងត្រែង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តស្ទឹងត្រែងសម្រេចបាន នាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនៅទូទាំងខេត្ត ។
ឯកឧត្ដមរដ្ឋមន្រ្ដីចាត់ទុកថា សមិទ្ធផលដែលសម្រេចបានក្នុងខេត្ត និងអង្គពិធីដ៏អធិកអធមនាពេលនេះអាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញនៅទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំរបស់សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
សូមរំលឹកថា៖ខេត្តស្ទឹងត្រែង ជាខេត្តទី១៤នៃការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងនោះចំនួនខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់សរុប ចំនួន២៩៩៥៨ខ្នងផ្ទះ ស្មើ១០០% មានខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យផ្ទាល់ខ្លួនមានចំនួន២៨០៧៧ខ្នងផ្ទះ ស្មើនឹង ៩៣,៧២% និង ខ្នងផ្ទះប្រើបង្គន់អនាម័យរួម ចំនួន ១ ៨៨១ខ្នងផ្ទះ ស្មើ នឹង ៦,២៨%៕
Post a Comment