ក្លឹបអ្នកកាសែតកម្ពុជា នឹងរៀបចំវេទិកានិពន្ធនាយកសារព័ត៌មាន លើកទី២១ ដោយលើកយកប្រធានបទ «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ»
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ក្លឹបអ្នកកាសែតកម្ពុជា(ក អ.ក) នឹងរៀបចំវេទិកានិពន្ធនាយកសារព័ត៌មាន (វ.ន.ស.ក) លើកទី២១ ដោយលើកយកប្រធានបទ «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ» ដែលពិធីនេះធ្វើនៅសណ្ឋាគារសុខាភ្នំពេញ ចាប់ពីម៉ោង ៨,៣០នាទីព្រឹក ដល់ម៉ោង១២,០០នាទីថ្ងៃត្រង់ ដោយមានការចូលរួមពីអ្នកសារព័ត៌មានជាច្រើននាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
សូមជម្រាបជូនថា នេះជាវេទិកាប្រចាំឆ្នាំដ៏ធំបំផុតរបស់ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) ដែលតែងតែរៀបចំធ្វើឡើង និងបានលើកយកនូវប្រធានបទផ្សេងៗពីគ្នា ដើម្បីផ្តល់ឱកាសដល់នាយកគ្រប់គ្រង និពន្ធនាយក និពន្ធនាយករង ឬអ្នកដឹកនាំស្ថាប័នសារព័ត៌មានទាំង កាសែត វិទ្យុ ទូរទស្សន៍ រួមទាំងសារព័ត៌មានអនឡាញ បានជួបជជែកពិភាក្សាគ្នា។
ដោយ ក.អ.ក បានកត់សម្គាល់ឃើញថា អ្នកសារព័ត៌មានមួយចំនួន នៅតែមិនទាន់អនុវត្តបានត្រឹមត្រូវរវាងវិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិដែលនាំឲ្យងាយប្រឈមនឹងផ្លូវច្បាប់ និងប៉ះពាល់ដល់វិស័យសារព័ត៌មាននៅកម្ពុជា ទើបវេទិកានិពន្ធនាយកសារព័ត៌មាន(វ.ន ស.ក) លើកទី២១ បានលើកយកប្រធានបទ «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ» មកជជែកពិភាក្សាឲ្យបានល្អិតល្អន់បន្ថែមទៀត ដើម្បីស្វែងរកវិធី ឬបង្កើតយន្តការសមស្របណាមួយ សំដៅលើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មាន ក្នុងការបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ បង្កើនទំនុកចិត្តពីសាធារណជន ចៀសវាងការប្រឈមផ្លូវច្បាប់៕
Post a Comment