ក្នុងខែវិច្ឆិកា កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន៤៣ សរុបទុនវិនិយោគ ៩៣៩លានដុល្លារ

ភ្នំពេញ៖ គម្រោងវិនិយោគចំនួន៤៣ ដែលមានទុនវិនិយោគសរុប ៩៣៩លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា (CDC)

សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ៤០គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៩៣៩លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៣៩ពាន់កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣២គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១១គម្រោង។

គួរបញ្ជាក់ជូនផងដែរថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពី (១) សាធារណរដ្ឋសង្គមនិយម វៀតណាមស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក៥១,០៨% នៃទុនវិនិយោគសរុប (២) សាធារណរដ្ឋ ប្រជាមានិតចិនស្ថិតនៅលំដាប់លេខរៀងទី២ ដោយបានរួមចំណែក២៤,២៦% នៃទុនវិនិយោគសរុប និង (៣) ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅលំដាប់លេខរៀងទី៣ ដោយបានរួមចំណែក១៤,៤៩% នៃទុនវិនិយោគសរុប៕








 

Powered by Blogger.