ក្រុមហ៊ុនល្បីៗ ក្នុងទីផ្សារហុងកុង និងម៉ាកាវ ជាង ៣០ ចាប់អារម្មណ៍លើគោលដៅទេសចរណ៍កម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនល្បីៗ ក្នុងទីផ្សារហុងកុងនិងម៉ាកាវ ជាង៣០ មានដូចជា ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines និងក្រុមហ៊ុន Hong Kong Airlines ជាដើម។ល។ បានបង្ហាញពីចំណាប់អារម្មណ៍សំណូមពរ និងគម្រោងស្នើសុំធ្វើដំណើរមកស្វែងយល់ពីប្រទេសកម្ពុជា និងគោលដៅទេសចរណ៍ ដើម្បីរៀបចំកញ្ចប់ទស្សនកិច្ចថ្មីបន្ថែម ជូនអតិថិជនរបស់ខ្លួន នាពេលឆាប់ៗខាងមុខ។

ការបង្ហាញពីចំណាប់អារម្មណ៍នេះ ធ្វើឡើងក្នុង​​​​​​​ឱកាសឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារ ជាមួយអនុរដ្ឋមន្រ្តីទទួលបន្ទុកវប្បធម៌ កីឡានិងទេសចរណ៍ នៃតំបន់រដ្ឋបាលពិសេសហុងកុង លោកប្រធានក្រុមប្រឹក្សាភិបាលទេសចរណ៍ហុងកុង តំណាងការិយាល័យទេសចរណ៍ តំបន់រដ្ឋបាលពិសេសម៉ាកាវ តំណាងក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines និងក្រុមហ៊ុន Hong Kong Airlines, នាយកប្រតិបត្តិនៃទីភ្នាក់ងារទេសចរណ៍ធំនិងល្បីៗ ក្នុងទីផ្សារហុងកុងនិងម៉ាកាវ ព្រមទាំងក្រុមហ៊ុនប្រឹក្សាយោបល់ក្នុងគម្រោង Disneyland Hong Kong សរុបជាង៣០។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈដែលមានស្ថិរភាព និងល្អប្រសើរ ជាពិសេសសក្តានុពលទេសចរណ៍កម្ពុជា ដោយបង្ហាញជូននូវវីដេអូនិងរូបថត គោលដៅទេសចរណ៍សំខាន់ៗ និងស្រស់ស្អាត៕










 

Powered by Blogger.