ជប៉ុន ផ្តល់ជំនួយសន្តិសុខដែលមានតម្លៃជិត ១១ លានដុល្លារដល់ហ្វីលីពីន
ប្រភព៖ Reuters
ម៉ានីល៖ ជប៉ុន និងហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយសន្តិសុខមួយ ដែលមានតម្លៃជិត ១១លានដុល្លារ ដើម្បីជួយឱ្យហ្វីលីពីន បង្កើនសមត្ថភាពការពារជាតិ និងឃ្លាំមើលដែនសមុទ្រ។
កាលពីខែកក្កដា ហ្វីលីពីន
និងជប៉ុនបានចុះហត្ថលេខាលើកតិកាសញ្ញាយោធាដ៏សំខាន់មួយ
ដែលអនុញ្ញាតឲ្យមានការដាក់ពង្រាយកម្លាំងនៅលើដីរបស់គ្នាទៅវិញទៅមក
ដោយធ្វើឲ្យកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ
កាន់តែមានភាពរលូន។ ជប៉ុនមិនមានការទាមទារចំពោះសមុទ្រចិនខាងត្បូងទេ
ប៉ុន្តែមានជម្លោះដែនសមុទ្រដាច់ដោយឡែកជាមួយចិននៅសមុទ្រចិនខាងកើត។
ទាំងហ្វីលីពីន និងជប៉ុន
ដែលជាសម្ព័ន្ធមិត្តអាស៊ីដ៏ជិតស្និទ្ធបំផុតរបស់សហរដ្ឋអាមេរិកទាំងពីរ
បានប្រកាន់ខ្ជាប់នូវខ្សែបន្ទាត់ដ៏រឹងមាំប្រឆាំងនឹងអ្វីដែលពួកគេមើលឃើញថា
ជាអាកប្បកិរិយាឈ្លានពានរបស់នាវាចិន
ចំពេលមានជម្លោះដែលមានអាយុកាលរាប់ទសវត្សរ៍លើអធិបតេយ្យភាពដែនសមុទ្រ។
ក្រោមកិច្ចព្រមព្រៀងនេះ
ប្រទេសជប៉ុននឹងផ្តល់ជំនួយឱ្យកងទ័ពជើងទឹកហ្វីលីពីន រួមមានកប៉ាល់ ប្រព័ន្ធរ៉ាដា
និងឧបករណ៍យោធាផ្សេងទៀត ដើម្បីបង្កើនសមត្ថភាពការយល់ដឹងអំពីដែនសមុទ្ររបស់ខ្លួន។
ស្ថានទូតជប៉ុនប្រចាំទីក្រុងម៉ានីល បាននិយាយថា «គម្រោងនេះត្រូវបានគេរំពឹងថានឹងរួមចំណែកដល់ការរក្សា និងពង្រឹងសន្តិសុខក្នុងតំបន់
និងដើម្បីពង្រឹងសន្តិសុខនៃផ្លូវសមុទ្រដ៏សំខាន់
ហើយនឹងមានសារៈសំខាន់ចំពោះសន្តិសុខរបស់ប្រទេសជប៉ុន»។
ស្របពេលជាមួយគ្នា
ក្រសួងការពារជាតិហ្វីលីពីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់ជប៉ុន
និងហ្វីលីពីនចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់»៕
Post a Comment