មេធាវី ខៀវ សំបូរ ចេញលិខិតជម្រាបជូនប្រជាពលរដ្ឋដែលរស់នៅលើទីតាំងដីរបស់អ្នកឧកញ៉ា សុី គង់ទ្រីវ ចូលមកដោះស្រាយបញ្ចប់វិវាទ

អត្ថបទ៖ទឹង សុភាព

ខេត្តព្រះសីហនុ៖ លោកមេធាវី ខៀវ សំបូរ អត្តលេខ ៣៧៣ ជាសមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា តំណាងឲ្យលោក មៀម វណ្ណៈ បានចេញលិខិតជូនដំណឹង ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ជម្រាបជូនប្រជាពលរដ្ឋដែលរស់នៅលើទីតាំងដីរបស់អ្នកឧកញ៉ា សុី គង់ទ្រីវ ស្ថិតនៅចំណុចភូមិសាស្ត្រភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្នើឲ្យចូលមកដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធីជាមួយក្រុមការងារម្ចាស់កម្មសិទ្ធិ ចាប់ពីថ្ងៃជូនដំណឹងតទៅ។

លោកមេធាវីក៏បានជម្រាបជូនលោក/លោកស្រី និងសាធារណរដ្ឋជនជ្រាបថា កន្លងមកដីដែលមានទំហំ ៦០ហិកតា មានទីតាំងស្ថិតនីភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានប័ណ្ណកម្មសិទ្ធិចំនួន ១៩ប័ណ្ណ គឺជាដីកម្មសិទ្ធិស្របច្បាប់របស់លោកអ្នកឧកញ៉ា សុី គង់ទ្រីវ ហើយបច្ចុប្បន្នដីខាងលើនេះត្រូវបាន លោកអ្នកឧកញ៉ា សុី គង់ទ្រីវ ប្រគល់សិទ្ធិផ្តាច់មកឲ្យកូនក្តីខ្ញុំ ដើម្បីធ្វើការដោះស្រាយ និងធ្វើជាម្ចាស់កម្មសិទ្ធិស្របច្បាប់តទៅ។

ក្នុងនាមម្ចាស់កម្មសិទ្ធិ កូនក្តីខ្ញុំសូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅលើទីតាំងដីខាងលើ សុំធ្វើការរុះរើសំណង់ដែលបានសាងសង់ចេញពីទីតាំងដីរបស់កូនក្តីខ្ញុំ ហើយចូលខ្លួនមកសម្របសម្រួលដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធីជាមួយក្រុមហ៊ុនជាម្ចាស់កម្មសិទ្ធិករឲ្យបានឆាប់រហ័ស ស្របតាមគោលនយោបាយឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

បើតាមលិខិតលេខ ៥២២/២៤ ស.ជ.ណ របស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី០៦ ខែឆ្នូ ឆ្នាំ២០២៤ និងលិខិត ២៩៣០ ដនស/ខុទ្ទ របស់ក្រសួងដែនដី ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជាក់ថា ចំពោះទីតាំងដីខាងលើនេះ គឺជាទីតាំងដីរបស់លោកឧកញ៉ា ស៊ី គង់ទ្រីវ ដែលបានប្រគល់សិទ្ធិទៅឱ្យលោកឧកញ៉ា រតនៈសម្បត្តិ ជាអ្នកគ្រប់គ្រង និងចាត់ចែងបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីចំនួន ១៩ ប័ណ្ណមានលេខ : C1.0466, C1. 0467 , C1.0468 , C1.0469 , C1.0470 , C1.0471, C1.0472 , C10473, C1.0474 , C1.0475 , C1.0476 , C1.0477, C1.0478 , C1.0479 , C1.0480 ,C1.0481 , C1.0482 , C1.0483 និងលេខ C1.0484 ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចុះបញ្ជីក្នុងសៀវភៅចុះបញ្ជីអលចនវត្ថុនៅអំឡុង ឆ្នាំ១៩៩៣ និងមានឯកសារត្រឹមត្រូវតម្កល់ទុកនៅរដ្ឋបាលសុរិយោដី។  

ប៉ុន្តែដើម្បីសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលបានមកតាំងទីលំនៅលើដីស្របច្បាប់របស់លោកឧកញ៉ា ស៊ី គង់ទ្រីវ និងអនុវត្តយុទ្ធនូវសាស្ត្រឈ្នះឈ្នះ ភាគីម្ចាស់កម្មសិទ្ធិបានព្យាយាមចុះធ្វើការសម្របសម្រួលទៅតាមខ្នងផ្ទះ ថែមទាំងបានធ្វើសេចក្តីជូនដំណឹងឲ្យប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធមកកាន់ការិយាល័យភាគីម្ចាស់កម្មសិទ្ធិ ដើម្បីដោះស្រាយទៅតាមនីតិវិធីលើស្ថានភាពជាក់ស្តែងបញ្ចប់វិវាទ។

រឿងដែលបង្កឲ្យមានការភ្ញាក់ផ្អើល និងអាចមានការយល់ច្រឡំពីមហាជនទូទៅ គឺការបង្ហោះ Video លើបណ្ដាញសង្គមដោយចោទប្រកាន់មកលើក្រុមហ៊ុនថា បានធ្វើការគំរាមកំហែងមកលើប្រជាពលរដ្ឋ រំលោភបំពានលំនៅដ្ឋានរបស់ពួកគាត់ បង្ខំឲ្យពួកគាត់ចាកចេញពីទីតាំងដែលកំពុងរស់នៅពុំមានសំណងសមស្រប។

លោកមេធាវី ខៀវ សំបូរ បានច្រាលចោលការចោទប្រកាន់ខាងលើនេះ និងចាត់ទុកថា ជាការបំពានផ្ទុយពីការពិតទាំងស្រុង មានមេខ្លោងមួយក្តាប់តូចបានអូសទាញប្រជាពលរដ្ឋឲ្យចូលរួមជាមួយផែនការដែលបានរៀបចំទុកជាមុន បង្កឲ្យមានហិង្សា ធ្វើការញុះញង់ បង្ករបួសស្នាម ប៉ុនប៉ងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ៕










Powered by Blogger.