អធិកាបតីអាល្លឺម៉ង់ សន្យាផ្តល់ជំនួយយោធាដល់អ៊ុយក្រែន តម្លៃ ៦៨៥លានដុល្លារ ចំពេលមានវិបត្តិនយោបាយក្នុងស្រុក

 ប្រភព៖ Reuters

ប៊ែកឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅថ្ងៃចន្ទសប្តាហ៍នេះ បានទៅបំពេញទស្សនកិច្ចនៅទីក្រុងគៀវ និងបានប្រកាសផ្តល់ជំនួយយោធាថ្មី ដែលមានតម្លៃ ៦៨៥លានដុល្លារដល់អ៊ុយក្រែន។

ជំនួយយោធានេះ រួមមាន ប្រព័ន្ធការពារដែនអាកាស IRIS-T រថក្រោះ Leopard 1 និងយន្តហោះគ្មានមនុស្សបើកប្រដាប់អាវុធ។ ដំណើរទស្សនកិច្ចរបស់លោក Scholz ធ្វើឡើងបន្ទាប់ពីមេដឹកនាំសហភាពអឺរ៉ុប បានទៅបំពេញទស្សនកិច្ចនៅទីក្រុងគៀវកាលពីថ្ងៃអាទិត្យ ដើម្បីបង្ហាញពីការគាំទ្រចំពោះអ៊ុយក្រែន។

នាឱកាសនោះ លោកក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាល្លឺម៉ង់ ក្នុងការបន្តគាំទ្រអ៊ុយក្រែន ទោះបីជាមានការផ្លាស់ប្តូររដ្ឋបាល នៅសហរដ្ឋអាមេរិកក៏ដោយ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងពេលដែលអាល្លឺម៉ង់ កំពុងជួបប្រទះវិបត្តិនយោបាយ និងមានភាពមិនប្រាកដប្រជា អំពីការគាំទ្ររបស់លោកខាងលិច ចំពោះអ៊ុយក្រែន បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីអាមេរិក។

លោក Scholz បានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy និងបានទៅទស្សនការដ្ឋានផលិតអាវុធ។ លោកក៏បានទៅសួរសុខទុក្ខ ទាហានអ៊ុយក្រែន ដែលរងរបួសក្នុងសង្រ្គាមផងដែរ។ លោកបានសរសេរនៅលើបណ្តាញសង្គម X ថា «អាល្លឺម៉ង់នឹងនៅតែជាអ្នកគាំទ្រដ៏ខ្លាំងបំផុតរបស់អ៊ុយក្រែននៅក្នុងទ្វីបអឺរ៉ុប... សម្ភារៈយោធាបន្ថែមទៀតដែលមានតម្លៃ ៦៥០ លានអឺរ៉ូ» នឹងត្រូវបានចែកចាយនៅក្នុងខែនេះ៕



 

Powered by Blogger.