អ៊ីស្រាអែល និងក្រុមហេសបូឡា បន្តការបាញ់ផ្លោងដាក់គ្នា អំឡុងពេលមានបទឈប់បាញ់
ប្រភព៖ Reuters
បេរូត៖ មនុស្ស៩នាក់ត្រូវបានសម្លាប់ និង៣នាក់របួស ដោយការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Talousa និង Haris ភាគខាងត្បូងលីបង់ ខណៈយោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានវាយប្រហារគោលដៅជាច្រើនរបស់ក្រុមហេសបូឡា នៅទូទាំងប្រទេសលីបង់។
ការបាញ់ផ្លោងដាក់គ្នាថ្មីនេះ
ធ្វើឱ្យបទឈប់បាញ់ស្ថិតក្នុងភាពផុយស្រួយខ្លាំង
ព្រោះវាបានកើតឡើងមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីចូលជាធរមាន។
អាជ្ញាធរលីបង់
ក៏បានរាយការណ៍ពីករណីស្លាប់មនុស្ស ២នាក់បន្ថែមទៀត ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល
លើផ្នែកផ្សេងទៀតនៃប្រទេស រួមទាំងសមាជិកកងកម្លាំងសន្តិសុខជាតិម្នាក់
ដែលកំពុងអនុវត្តតួនាទីរបស់ខ្លួន នាំឱ្យអ្នកស្លាប់សរុបមានចំនួន ១៣នាក់។
ការវាយប្រហាររបស់អ៊ីស្រាអែល
ធ្វើឡើងបន្ទាប់ពីហេសបូឡាចោទប្រកាន់អ៊ីស្រាអែល ថាបានបំពានបទឈប់បាញ់
រួចហើយក្រុមនេះបានបាញ់មីស៊ីល ទៅលើទីតាំងយោធាអ៊ីស្រាអែល
ដែលស្ថិតក្នុងតំបន់ប្រយុទ្ធគ្នា Shebaa Farms ជាការការពារខ្លួនទុកមុន។
តាមយោធាអ៊ីស្រាអែល មិនមានអ្នកស្លាប់ទេ ដោយសារការបាញ់មីស៊ីលនេះ
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ប្តេជ្ញាថានឹងឆ្លើយតបវិញឱ្យបានខ្លាំងក្លា។
សូមជម្រាបថា
បទឈប់បាញ់មួយ សម្របសម្រួលដោយសហរដ្ឋអាមេរិក និងបារាំង ហាមប្រាមអ៊ីស្រាអែល
ពីការធ្វើប្រតិបត្តិការយោធាវាយលុក នៅក្នុងប្រទេសលីបង់
ខណៈដែលតម្រូវឱ្យលីបង់រារាំងក្រុមប្រដាប់អាវុធ រួមទាំងហេសបូឡា ពីការវាយប្រហារលើអ៊ីស្រាអែល៕
Post a Comment