ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល សមាគម សហគមន៍ និងសហជីព ជាពិសេសវិស័យសារព័ត៌មាន គឺជាធាតុចូលមិនអាចខ្វះបានក្នុងការសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា
អត្ថបទ៖ ជឹម ទូច
ខេត្តរតនគិរី៖ ថ្លែងបើកវេទិកាវេទិកាថ្នាក់ខេត្ត ស្តីពីកិច្ចសន្ទនាពិគ្រោះយោបល់រវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា នៅក្នុងមូលដ្ឋានខេត្តរតនគិរីដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារDសាលាខេត្តរតនគិរី ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ស៊ូ សិរី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានលើកឡើងថា នៅក្នុងក្របខ័ណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ ថាមពល និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ក្នុងដំណាក់ កាលទី១ ដែលរួមមានជ្រុងចំនួន ០៥ គឺ (១) ការអភិវឌ្ឍន៍មូលធនមនុស្ស (២)ការធ្វើពិពិតកម្មសេដ្ឋ កិច្ច និងការបង្កើនភាពប្រកួតប្រជែង (៣) ការអភិវឌ្ឍវិស័យឯកជន និងការងារ (៤) ការអភិវឌ្ឍ ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន (៥)ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ។ ហេតុដូច្នេះ ដើម្បីសម្រេចបាននូគោលដៅជាយុទ្ធសាស្ត្រ ប្រមុខនៃរាជរដ្ឋាភិបាលត្រូវការជាចាំបាច់ និងបន្ទាន់ ក្នុងការប្រមូលផ្តុំនូវធាតុចូលជាច្រើន ពិសេសត្រូវការដៃគូអភិវឌ្ឍន៍ ដែលក្នុងនោះក៏មានការចូលរួម ចំណែកពីអង្គការសង្គមស៊ីវិល សមាគម សហគមន៍ និងសហជីព ជាពិសេស វិស័យសារព័ត៌មាន ដែលមិនអាចខ្វះបាន ព្រោះថា ពួកគាត់មិនត្រឹមតែជាដៃគូអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ក៏ជាអ្នកជួយដោយផ្ទាល់ដល់រាជរដ្ឋាភិបាល ក្នុងការដើរតួជាកញ្ចក់ឆ្លុះបញ្ចាំងពីចំណុចខ្វះ ខាត និងភាពចន្លោះប្រហោងមួយចំនួន ដែលមន្ត្រីរាជរដ្ឋាភិបាលមានការឆកល្វែង មើលមិនឃើញដោយ ប្រការណាមួយ ដែលកិច្ចការនេះបានដើរស្របទៅនឹងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ដែលជាប្រទេសប្រកាន់នូវ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការអភិវឌ្ឍតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាល ថ្នាក់ក្រោមជាតិ ក្រោមការសម្របសម្រួលរបស់ គ.ជ.អ.ប ដែលមានក្រសួងមហាផ្ទៃជាប្រធាន ។
តាមរយៈវេទិកាថ្នាក់ខេត្ត ស្តីពីកិច្ចសន្ទនាពិគ្រោះយោបល់រវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា នៅក្នុងមូលដ្ឋានខេត្តរតនគិរីនាពេលនេះ ឯកឧត្តមសង្ឃឹមថា អង្គវេទិកាទាំងមូល នឹងទទួលបាននូវចំណេះដឹង បទពិសោធន៍ថ្មីៗ និងធាតុចូលផ្សេងៗទៀតរួមមាន៖ បញ្ហាប្រឈម សំណូម ពរ តាមរយៈកិច្ចពិភាក្សា និងចំណេះដឹងដែលទទួលបានពីបទបង្ហាញពាក់ព័ន្ធមួយចំនួនទៀត ។
សូមបញ្ជាក់ថា បច្ចុប្បន្ននៅទូទាំងខេត្តរតនគិរី មានអង្គការសង្គមស៊ីវិល សមាគម សហគមន៍ និងសហជីព សរុបចំនួន ២៦៦ កំពុងធ្វើសកម្មភាព ក្នុងនោះរួមមាន៖ អង្គការសង្គមស៊ីវិលចំនួន៥៧ ក្នុងនោះអង្គការ អន្តរជាតិចំនួន១៥ បែងចែកជា៖ (អង្គការដែលមានស្នាក់ការកណ្តាលនៅក្នុងខេត្តចំនួន១០,អង្គការដែល មានស្នាក់ការសាខាចំនួន៤២ និងអង្គការដែលគ្មានស្នាក់ការនៅក្នុងខេត្តចំនួន០៥) បានបំពេញភារកិច្ច លើ វិស័យចំនួន១០ គឺវិស័យសុខាភិបាល វិស័យអប់រំ វិស័យសន្តិសុខស្បៀង វិស័យសិទ្ធិមនុស្ស និងយែនឌ័រ, វិស័យយុត្តិធម៌ វិស័យសប្បុរសធម៌ និងមូលនិធិ, វិស័យបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិ វិស័យ សង្គមកិច្ច វិស័យដីធ្លី និងវិស័យ វប្បធម៌ និងសាសនា, មានសមាគមចំនួន ២២ បែងចែកជា (សមាគម ដែលមាន ស្នាក់ការនៅក្នុងខេត្តមាន ១៣ និងសមាគមដែលមានស្នាក់ការសាខា០៩) មានសហគមន៍ ចំនួន១៨៧ បែងចែកជា (សហគមន៍ជនជាតិដើមភាគតិចចំនួន៨៩, សហគមន៍ព្រៃឈើចំនួន៣៩,សហគមន៍កសិកម្មចំនួន៣៤, សហគមន៍នេសាទចំនួន១៤ និងសហគមន៍តំបន់ការពារ CPAចំនួន ១១) និងមានសហជីពចំនួន ០២ បម្រើការងារនៅក្នុងក្រុមហ៊ុន ហ៊ង អាញ់ ម៉ាងយ៉ាងខេ អភិវឌ្ឍន៍កៅស៊ូ និង ក្រុមហ៊ុនក្រុងប៊ុក រតនគិរី អភិវឌ្ឍន៍កៅស៊ូ៕
Post a Comment