ត្រាំ ថានឹងជជែកជាមួយ ពូទីន និង ហ្សេលេនស្គី អំពីការបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន

 ប្រភព៖ Reuters

បរទេស៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ កាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូ បាននិយាយថារូបលោកនឹងជជែកជាមួយលោក ហ្សេលេនស្គី និងលោក ពូទីន អំពីការនំា សង្រ្គាមអ៊ុយក្រែនទៅរកទីបញ្ចប់ ហើយថារូបលោកមានការតក់ស្លុតជាខ្លាំងនៅពេលបានឃើញរូបភាពសោកនាដកម្មនៃសង្រ្គាមនេះ។

លោក ដូណាល់ ត្រាំ បានសន្យាថានឹងបញ្ចប់សង្រ្គាមអ៊ុយក្រែន ដោយប្រើពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ប្រសិនបើរូបលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។ តែលោកមិនបានបញ្ជាក់ថាតើ លោកនឹងបញ្ចប់សង្រ្គាមនេះដោយមានផែនការអ្វីនោះទេ។ លោក ត្រាំ នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

នៅឯសន្និសីទសារព័ត៌មានមួយនៅឯភូមិគ្រឹះ Mar-a-Lago ក្នុងទីក្រុង Palm Beach នៃរដ្ឋ Florida លោក ត្រាំ និយាយថាប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី គួរតែ ត្រៀមលក្ខណៈឱ្យហើយ ដើម្បីចរចាស្វែងរកកិច្ចព្រមព្រៀងជាមួយលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ដើម្បីឈានដល់ការបិទបញ្ចប់សង្រ្គាមចាយពេលជិត៣ឆ្នាំមកនេះ៕



Powered by Blogger.