ក្រុមឧទ្ទាមស៊ីរី វាយលុកចូលទីក្រុងយុទ្ធសាស្ត្រ Hama ខណៈការប្រយុទ្ធគ្នាកាន់តែខ្លាំងក្លា

 ប្រភព៖ Reuters

អាម៉ាន់៖ ក្រុមឧទ្ទាមស៊ីរី បានប្រកាសឱ្យដឹងនៅថ្ងៃព្រសហ្បតិ៍នេះថា ពួកគេបានចាប់ផ្តើមវាយលុកចូលទៅក្នុងទីក្រុង Hama ដែលជាទីក្រុងយុទ្ធសាស្ត្រមួយ នៅភាគកណ្តាលប្រទេសស៊ីរី។ ការវាយប្រហារនេះ ធ្វើឡើងបន្ទាប់ពីក្រុមឧទ្ទាម បានវាយយកទីក្រុង Aleppo កាលពីសប្តាហ៍មុន និងបានបន្តរុលទៅមុខ ដោយដណ្តើមយកភ្នំយុទ្ធសាស្ត្រមួយ នៅជិតទីក្រុងមួយនេះ។

មេបញ្ជាការក្រុមឧទ្ទាម Hassan Abdul Ghany បានប្រកាស នៅលើបណ្តាញសង្គមថា «ក្រុមឧទ្ទាមបានចាប់ផ្តើមវាយលុកចូលទីក្រុង Hama ហើយកំពុងបន្តទៅមុខតាមផ្លូវជាច្រើន ឆ្ពោះទៅកាន់មជ្ឈមណ្ឌលរបស់វា... មេដឹកនាំកងទ័ពស៊ីរីកំពុងរត់ភៀសខ្លួន»

ទោះជាយ៉ាងណា កងទ័ពស៊ីរីបានបដិសេធព័ត៌មាននេះ ដោយអះអាងថា កងកម្លាំងរបស់ខ្លួន នៅតែគ្រប់គ្រងស្ថានការណ៍នៅក្នុងទីក្រុងមួយនេះ។ ការប្រយុទ្ធគ្នា កំពុងបន្តកើតមានឡើង ដោយមានការវាយប្រហារតាមអាកាសពីសំណាក់រុស្ស៊ី ដើម្បីគាំទ្រដល់កងទ័ពស៊ីរី។

ក្រុមឧទ្ទាមស៊ីរី បានទទួលជ័យជម្នះយ៉ាងសំខាន់ ក្នុងការវាយយកទីក្រុង Aleppo កាលពីសប្តាហ៍មុន។ បន្ទាប់មកពួកគេបានបន្តវាយលុកទៅភាគខាងត្បូង ពីតំបន់ដែលពួកគេគ្រប់គ្រងនៅភាគពាយ័ព្យ នៃប្រទេសស៊ីរី ដោយឈានដល់ភ្នំយុទ្ធសាស្ត្រមួយនៅភាគខាងជើងនៃទីក្រុង Hama កាលពីថ្ងៃអង្គារ និងឆ្ពោះទៅកាន់ផ្នែកខាងកើត និងខាងលិចរបស់ទីក្រុងនេះ កាលពីថ្ងៃពុធ។

ការវាយលុកនេះ បង្ហាញពីការកើនឡើងនៃកម្លាំងរបស់ក្រុមឧទ្ទាម និងការចុះខ្សោយនៃកងទ័ពរដ្ឋាភិបាលស៊ីរី។ ប្រសិនបើក្រុមឧទ្ទាមអាចគ្រប់គ្រងទីក្រុង Hama នេះបានមែន វានឹងជាជ័យជម្នះដ៏សំខាន់មួយសម្រាប់ពួកគេ ហើយក៏អាចនាំឱ្យមានការដួលរលំនៃរដ្ឋាភិបាលស៊ីរីផងដែរ៕



 

Powered by Blogger.