ក្រសួងប្រៃសណីយ៍ប្រកាសដាក់ដំណើរការម៉ាស៊ីនបកប្រែ TranslateKh ជំនាន់ទី១ ដល់សាធារណជន ដោយឥតគិតថ្លៃ

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)ប្រកាសជាផ្លូវការ​ស្តីពីការដាក់ដំណើរ​ការម៉ាស៊ីនបកប្រែ TranslateKh ជំនាន់ទី១ ដល់សាធារណជន ដោយឥតគិតថ្លៃ ។

ក្រសួងប្រៃសណីយ៍បានបញ្ជាក់ថា ក.ប.ទ. បានបង្កើតម៉ាស៊ីនបកប្រែ TranslateKh ដែលជាជំនួយការឆ្លាតមានលទ្ធភាព​អាចជួយដល់ការ​បកប្រែពាក្យ ឃ្លាប្រយោគ ឬអត្ថបទ ពីភាសាខ្មែរទៅភាសាអង់គ្លេស និងពីភាសាអង់គ្លេសមកភាសាខ្មែរវិញ។ ម៉ាស៊ីនបកប្រែ TranslateKH គឺជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI)មួយ ដែលត្រូវ​បានបង្កើតឡើងប្រើប្រាស់​វិធីសាស្ត្រសិក្សា​ស៊ីជម្រៅ(Deep Learning)។ 

ក្រសួងប្រៃសណីយ៍បានប្រាប់ថា សាធារណជនអាចប្រើប្រាស់ម៉ាស៊ីន​បកប្រែ TranslateKh ជំនាន់ទី១ ជាជំនួយការបកប្រែ​កិច្ចសន្ទនា​និងសារព័ត៌មានទូទៅ​។ ក.ប.ទ. នឹងបន្តអភិវឌ្ឍបន្ថែមដើម្បីឱ្យ TranslateKh អាចបកប្រែជាមួយលទ្ធផល​ល្អប្រសើរជាមួយនិង​វិស័យផ្សេងទៀត។

ម៉ាស៊ីនបកប្រែ TranslateKh អាចចូលប្រើប្រាស់បានតាមរយៈវេប https://translatekh.mptc.gov.kh ឬតេឡេក្រាម https://t.me/TranslateKH_bot៕






Powered by Blogger.