ម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ Voun GVorn អះអាងថា ខ្លួនកំពុងរងភាពអយុត្តិធម៌ក្នុងការទិញលក់ដីស្រែអំបិលមួយកន្លែង ដោយអំពាវនាវដល់ សម្តេចតេជោ និងសម្តេចធិបតី ជួយរកយុត្តិធម៌

អត្ថបទ ៖ ទ្រី ហៀន

ខេត្តកែប៖ តាមរយៈការខមមិនចូលផេកហ្វេសប៊ុករបស់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការអនុវត្តការងារឆ្នាំ២០២៥ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២៤ ម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ Voun Gvorn បានអះអាងថា ខ្លួនកំពុងរងភាពអយុត្តិធម៌ ក្នុងការទិញដីស្រែអំបិលមួយកន្លែងរបស់ឪពុកនាងខ្ញុំផ្ទាល់ ដោយបានលើកឡើងថា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ មានបងស្រីម្នាក់ឈ្មោះ ឆយ ហ្វ្រីដា បានមកចរចាទិញដីស្រែអំបិលរបស់ខ្ញុំក្នុងតម្លៃ ១២ដុល្លារ ក្នុង១ម៉ែត្រការ៉េ ដោយបងស្រី ឆយ ហ្វ្រីដា ស្នើសុំឲ្យនាងខ្ញុំធ្វើលិខិតទិញលក់មិនកែប្រែតម្លៃ បូកជាមួយនឹងកំរ៉ៃជើងសារ ៣% ស្មើនឹងទឹកប្រាក់ ១០៥០០០ដុល្លារអាមេរិក និងបែងចែកភាគលាភ ២ដុល្លារ ទៅឲ្យប្រធានច្រកចេញចូលតែមួយខេត្តកែប ស្មើនឹង ៦០មុឺនដុល្លារ ១ខែក្រោយមកមិនមានការទិញលក់នឹងគ្នាទេ។

ម្ចាស់គណនេយ្យហ្វេសប៊ុកដដែលបានបន្តថា ក្រោយមកបងស្រី ឆយ ហ្វ្រីដា បានមកសុំខ្ញុំឲ្យបន្តកិច្ចសន្យាមួយថ្មីទៀតក្នុងតម្លៃ ៩ដុល្លារ នាងខ្ញុំក៏យល់ព្រមស្របតាម ដោយឲ្យឈ្មោះ សុខ ច័ន្ទរស្មី ជាប្រពន្ធលោក តាន់ ណារិទ្ធ ប្រធានច្រកចេញចូលតែមួយខេត្តកែប ជាអ្នកទិញ និងឈរឈ្មោះជំនួស (ក្រោមការបង្គាប់បញ្ជារបស់អភិបាលខេត្តកែប) រហូតដល់ថ្ងៃចុះកិច្ចសន្យារួចរាល់ នាងខ្ញុំបានសួរអំពីការបង់ប្រាក់ បែរជាពួកគាត់ភូតកុហក់ខ្ញុំជាក្រុម ដោយប្រើឈ្មោះអ្នកដឹកនាំខេត្តកែបម្នាក់ ឈ្មោះ ឯកឧត្តម សោម ពិសិដ្ឋ មកគាបសង្កត់លើនាងខ្ញុំ រហូតមកដល់ពេលនេះបែរជាបងស្រី ឆយ ហ្រី្វដា ប្តឹងខ្ញុំពីបទឆបោក និងក្បត់ទំនុកទុកចិត្តទៅវិញ នាងខ្ញុំមានសំនួរចង់សួរទៅមហាជនថា តើនាងខ្ញុំក្បត់ឆបោកដោយរបៀបណា ? ខ្ញុំមានដីលក់ពិតប្រាកដ មិនមែនដីខ្យល់ , ខ្ញុំមានដីលក់ ទើបអ្នកឯងឲ្យលុយខ្ញុំ បច្ចុប្បន្ននាងខ្ញុំត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលទៅបំភ្លឺ។ ម្ចាស់គណនេយ្យហ្វេសប៊ុករូបនេះ ក៏បានសូមសម្តេចតេជោ និងសម្តេចធិបតី និងបងប្អូនក្នុងគ្រុប ជួយរកយុត្តិធម៌ផង។

សូមបញ្ជាក់ថា ពាក់ព័ន្ធវិវាទទិញលក់ដីស្រែអំបិលខាងលើនេះ អង្គភាពសារព័ត៌មាន «ភ្នំពេញដេលី» Phnom Penh Daily មិនហ៊ានធ្វើការបញ្ចេញមតិរកហេតុផលអ្នកណាខុស ឬអ្នកណាត្រូវនោះទេ ព្រោះមិនទាន់ដឹងការពិត និងមិនទាន់មានឯកសារក្នុងដៃ គ្រាន់តែសុំធ្វើការដកស្រង់នូវខ្លឹមសារទាំងស្រុងរបស់ម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ Voun Gvorn ដែលបានធ្វើការខមមិនចូលក្នុងផេកហ្វេសប៊ុករបស់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ដើម្បីចុះផ្សាយជាព័ត៌មានបឋមតែប៉ុណ្ណោះ ប៉ុន្តែបើសិនអ្វីដែលម្ចាស់គណនេយ្យហ្វេសប៊ុកខាងលើបានលើកឡើងជាការពិត បានន័យថា ថ្លើមធំពេកហើយដែលហ៊ានយកឈ្មោះថ្នាក់ដឹកនាំខេត្តទៅប្រើប្រាស់។ ចំណុចមួយទៀតអ្វីដែលកាន់តែមានចម្ងល់នោះត្រង់ ឈ្មោះ ឆយ ហ្វ្រីដា ជាអ្នកចេញមុខតថ្លៃទិញដីស្រែអំបិលខាងលើ បើគាត់ជាម្ចាស់លុយ ចុះហេតុអ្វីចាំបាច់តម្រូវឲ្យ ឈ្មោះ សុខ ច័ន្ធរស្មី ប្រពន្ធលោក តាន់ ណារិទ្ធ ប្រធានច្រកចេញចូលតែមួយខេត្តកែប ជាអ្នកទិញ និងឈរឈ្មោះជំនួសទៅវិញ ? តើអ្នកណាជាម្ចាស់លុយទិញដីនេះពិតប្រាកដ ? អង្គភាពសារព័ត៌មាន «ភ្នំពេញដេលី» Phnom Penh Daily នឹងព្យាយាមធ្វើការស្រាវជ្រាវទំនាក់ទំនងសុំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធនៅក្នុងសាច់រឿងនេះ ដើម្បីលាតត្រដាងការពិត។

ដោយឡែកពាក់ព័ន្ធការលើកឡើងរបស់ម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ Voun Gvorn ត្រង់ចំណុចដែលបានរៀបរាប់មានន័យខ្លឹមសារថា ឈ្មោះ សុខ ច័ន្ទរស្មី ជាប្រពន្ធលោក តាន់ ណារិទ្ធ ប្រធានច្រកចេញចូលតែមួយខេត្តកែប ជាអ្នកទិញ និងឈរឈ្មោះជំនួស (ក្រោមការបង្គាប់បញ្ជារបស់អភិបាលខេត្តកែប) និងត្រង់ចំណុចខ្លឹមសារ ដោយប្រើឈ្មោះអ្នកដឹកនាំខេត្តកែបម្នាក់ឈ្មោះ ឯកឧត្តម សោម ពិសិដ្ឋ មកគាបសង្កត់ រហូតឈ្មោះ ឆយ ហ្វ្រីដា ប្តឹងពីបទឆបោក និងក្បត់ទំនុកទុកចិត្តថែមទៀតផងនោះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានបដិសេធ និងបញ្ជាក់ប្រាប់ «ភ្នំពេញដេលី» Phnom Penh daily នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤នេះថា អ្នកដែលប្រើឈ្មោះ ប្រើឥទ្ធិពលរបស់ ឯកឧត្តមមិនខ្វះទេ ឲ្យប្រកែអញ្ចឹង ឲ្យច្បាប់អនុវត្តទៅ ច្រើនណាស់មិនថា អ្នកក្រៅ អ្នកក្នុងទេ សុទ្ធតែប្រើអញ្ចឹង។ រាល់ថ្ងៃនៅហ្នឹង មានអ្នកប្រើឈ្មោះឯកឧត្តមច្រើន អ្នកប្រើត្រូវរឿងមិនអីទេ ប្រើខុសរឿងមានតែជាប់......ហ្នឹងមានតែច្បាប់អ្នកបង្ហាញសខៅប៉ុនហ្នឹង។ ឯកឧត្តម សោម ពិសិដ្ឋ បន្តថា ឯកឧត្តមមិនដែលស្គាល់បែមុខទៅណាផង មានភស្តុតាងសាក្សីអី..? ចុះមិនស្រួលបទបង្កាច់កេរ្តិ៍ទាំងអស់ ផ្តេសផ្តាសអញ្ចឹង......ច្រើនណាស់អ្នកយកឈ្មោះ ឯកឧត្តមទៅប្រើប្រាស់៕ (រង់ចាំតាមដានព័ត៌មានលម្អិតវគ្គបន្ត)







Powered by Blogger.