មេដឹកនាំបក្សកាន់អំណាចកូរ៉េខាងត្បូង ទាមទារឱ្យលោក Yoon Suk Yeol ចុះចេញពីតំណែង
ប្រភព៖ AFP
សេអ៊ូល៖ មេដឹកនាំគណបក្សកាន់អំណាចនៅកូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី៦ ខែធ្នូ បានអំពាវនាវឱ្យលោកប្រធានាធិបតី Yoon Suk Yeol ចុះចេញពីតំណែង ក្រោយការប៉ុនប៉ង ដាក់ច្បាប់អាជ្ញាសឹកមិនបានសម្រេច ជាមួយការព្រមានថាប្រទេសជាតិនឹងជួបគ្រោះថ្នាក់ធំ ប្រសិនបើលោកនៅតែបន្តកាន់អំណាច។
ការអត្ថាធិប្បាយបែបនេះរបស់លោក Han
Dong-hoon ដែលជាប្រមុខគណបក្សអំណាចប្រជាជនរបស់លោក Yoon ហាក់មានន័យថាអាចនឹងមានសំឡេងគាំទ្រគ្រប់គ្រាន់ពី
សមាជិកសភាដើម្បីបោះឆ្នោតចោទប្រកាន់ដកតំណែងលោកប្រធានាធិបតី នៅថ្ងៃសៅរ៍ ទី៧
ខែធ្នូស្អែកនេះ។ ម្យ៉ាងវិញទៀត ការកត់សម្គាល់របស់លោក Han ក៏ជាការផ្លាស់ប្ដូរ
គោលជំហរមួយដែរ បន្ទាប់ពីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ
លោកបាននិយាយថាលោកនឹងរារាំងការបោះឆ្នោតដកតំណែងលោក Yoon ខណៈថ្នាក់ដឹកនាំបក្សកាន់អំណាចផ្សេងទៀត
បានទទូចថាសមាជិកសភានៃគណបក្សអំណាចប្រជាជនទាំង ១០៨នាក់ នឹងឈរនៅខាងលោក Yoon ក្នុងការបោះឆ្នោតនៅថ្ងៃសៅរ៍ស្អែកនេះ។
បើតាមការស្ទង់មតិចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ
ដោយស្ថាប័ន Realmeter នៅក្នុងចំណោមអ្នកដែលត្រូវបានសម្ភាសន៍
មាន ៧៣.៦ភាគរយ បានបង្ហាញ ការគាំទ្រដល់នីតិវិធីដកតំណែងលោក Yoon Suk Yeol។
បើតាមលោក Han ការផ្លាស់ប្ដូរជំហររបស់លោក
គឺដោយសារតែលោក Yoon មិនបានទទួលស្គាល់ថាខ្លួនឯងបានប្រព្រឹត្តកំហុសអ្វីឡើយ
នៅពេលប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក កាលពីយប់ថ្ងៃអង្គារ។ «ដោយពិចារណាពីការពិតថ្មីដែលបានកើតឡើង
ខ្ញុំជឿជាក់ថាការព្យួរភ្លាមៗនូវភារកិច្ចរបស់លោកប្រធានាធិបតី Yoon Suk Yeol គឺជារឿងចាំបាច់ដើម្បីការពារ សាធារណរដ្ឋកូរ៉េ និងប្រជាជន»។ នេះជាការគូសបញ្ជាក់របស់លោក Han។ តែយ៉ាងណាក៏ដោយ
លោក Han មិនបានជំរុញ ឬអំពាវនាវដោយផ្ទាល់ឱ្យសមាជិកសភាមកពី
គណបក្សរបស់លោក បោះឆ្នោតដកតំណែងលោក Yoon នោះទេ៕
Post a Comment