មេដឹកនាំបក្សកាន់អំណាចកូរ៉េខាងត្បូង ប្រកាសលាលែងពីតំណែង ក្រោយលោក Yoon ត្រូវបានសភាបោះឆ្នោតទម្លាក់

 ប្រភព៖ AFP

សេអ៊ូល៖ លោក Han Dong-hoon ជាមេដឹកនាំគណបក្សអំណាចប្រជាជន ឬ PPP​ ដែលជាបក្សកាន់អំណាចនៅកូរ៉េខាងត្បូង បានប្រកាសលាលែងចេញពីតំណែងនៅថ្ងៃចន្ទ ទី១៦ ខែធ្នូ នៅចំពោះមុខ ការកើនឡើងជម្លោះផ្ទៃក្នុងបក្ស បន្ទាប់ពីសភាជាតិបោះឆ្នោតទម្លាក់លោកប្រធានាធិបតី Yoon Suk Yeol ចេញពីតំណែង។

លោក Han Dong-hoon បានប្រកាសពីការសម្រេចចិត្តលាលែងចេញពីតំណែង នៅឯសន្និសីទសារព័ត៌មាន ក្រោយសំណើដកតំណែងលោក Yoon ត្រូវបានសភាបោះឆ្នោតអនុម័តក្នុងសំឡេងគាំទ្រ២០៤ ទល់នឹង៨៥សំឡេងជំទាស ជុំវិញការប៉ុនប៉ងដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេចរបស់លោក កាលពីថ្ងៃទី៣ ខែធ្នូ។ លទ្ធផលបោះឆ្នោតនេះដែរបានបង្ហាញថាសមាជិកសភា១២រូប មកពីគណបក្ស PPP បានចូលរួមជាមួយគណបក្សប្រឆាំងដើម្បីបោះឆ្នោតទម្លាក់លោក Yoon។ 

នៅឯសន្និសីទសារព័ត៌មានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ លោក Han បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំសម្រេចចិត្ត លាលែងចេញពីតំណែងក្នុងនាមជាមេដឹកនាំគណបក្សអំណាចប្រជាជន។ ខ្ញុំសូមអភ័យទោសអស់ចេញពីចិត្ត ពីប្រជាជនទាំងឡាយដែលរងផលប៉ះពាល់ដោយសារតែច្បាប់អាជ្ញាសឹក»

ក្រោយការប្រកាសលាលែងចេញពីតំណែងរបស់លោក Han Dong-hoon លោក Kweon Seong-dong ដែលជាមេដឹកនាំក្រុមសមាជិកសភានៃគណបក្ស PPP នឹងត្រូវឡើងកាន់តំណែងជាប្រធាន បក្ស PPP ជាបណ្ដោះអាសន្ន៕




 

Powered by Blogger.