Ahmed al-Sharaa ឡើងកាន់តំណែងជាប្រធានាធិបតីស៊ីរីបណ្ដោះអាសន្ន

 ប្រភព៖ Reuters

ដាម៉ាស៖ មេដឹកនាំជាក់ស្ដែងរបស់ស៊ីរី លោក Ahmed al-Sharaa ត្រូវបានប្រកាសតែងតាំងជាប្រធានាធិបតីបណ្ដោះអាសន្ន សម្រាប់ដំណាក់កាលអន្តរកាលមួយ ដែលជានេះជា ការបោះជំហានទៅរកការពង្រឹងអំណាច មិនទាន់ដល់ ២ខែស្រួលបួលផង ក្រោយរូបលោកដឹកនាំប្រតិបត្តិការវាយលុកផ្ដួលរំលំរបបដឹកនាំរបស់អតីតប្រធានាធិបតី លោក Bashar al-Assad

ថ្លែងទៅកាន់ សន្និសីទសារព័ត៌មានមួយ លោក al-Sharaa បានគូសបញ្ជាក់ដូច្នេះថាអាទិភាពមុនគេនៅក្នុងប្រទេសស៊ីរី នោះគឺការបំពេញចន្លោះប្រហោងនៅក្នុងរដ្ឋាភិបាលឱ្យស្របច្បាប់។ លោកក៏បានបញ្ជាក់ដែរថាសន្តិភាព គួរតែត្រូវបានថែរក្សា តាមរយៈយុត្តិធម៌ និងការបង្ការកុំឱ្យមានការសងសឹកគ្នាទៅវិញទៅមក ព្រមទាំងកសាងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ។

លោក al-Sharaa ក៏បានសន្យាដែរថានឹងចាប់ផ្ដើមនយោបាយអន្តរកាលមួយក្នុងនោះរួមមានសន្និសីទថ្នាក់ជាតិ រដ្ឋាភិបាលមួយប្រកបដោយបរិយាប្ន័ន និងការបោះឆ្នោតដែលលោកផ្ទាល់បាននិយាយថា អាចនឹងចំណាយពេល៤ឆ្នាំ ដើម្បីរៀបចំ។

សូមជម្រាបថា ការសម្រេចចិត្តតែងតាំងលោក al-Sharaa ជាប្រធានាធិបតី ធ្វើឡើងក្រោយមានកិច្ចប្រជុំមួយរបស់ក្រុមមេបញ្ជាការដែលបានចូលរួមក្នុងប្រតិបត្តិការវាយលុកផ្ដួលរំលំរបបដឹកនាំលោក Assad



Powered by Blogger.