ពូទីន និងលោក ស៊ី ជួបពិភាក្សាតាមវីដេអូភ្លាមៗ ក្រោយ ត្រាំ ចូលកាន់តំណែង

 ប្រភព៖ Reuters

ម៉ូស្គូ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង​ បានជួបពិភាក្សាតាមវីដេអូភ្លាមៗ ត្រឹមតែប៉ុន្មានម៉ោងក្រោយលោក ដូណាល់ ត្រាំ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក។

ជំនួបនេះកើតឡើងចំពេល ដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសន្យាថា នឹងតឹងតែងចំពោះចិន និងស្វែងរកកិចច្ចព្រមព្រៀងបញ្ចប់សង្រ្គាម នៅអ៊ុយក្រែនជាមួយលោក ពូទីន។

ក្នុងជំនួបនោះលោក ពូទីន បានស្នើឱ្យមានការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ដោយហៅលោក ស៊ី ថាជា មិត្តសម្លាញ់។ លោកបានគូសបញ្ជាក់ពី ផែនការថ្មីសម្រាប់ការអភិវឌ្ឍភាពជាដៃគូទូលំទូលាយ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររុស្ស៊ី-ចិន។ ចំណែកលោក ស៊ី ក៏បានហៅលោក ពូទីន ថាជាមិត្តសម្លាញ់ផងដែរ និងបានបញ្ជាក់ពីការរីកចម្រើនយ៉ាងរឹងមាំនៃទំនាក់ទំនង ព្រមទាំងបង្ហាញក្តីសង្ឃឹមថា ទំនាក់ទំនងនឹងឈានដល់កម្រិតខ្ពស់ថ្មី។

សូមជម្រាបថា រុស្ស៊ី និងចិនដែលកំពុងប្រឈមមុខនឹងសម្ពាធពីលោកខាងលិច បាននិងកំពុងពង្រឹងទំនាក់ទំនងលើគ្រប់វិស័យ។ លោក ពូទីន បានបញ្ជាក់ថា ចិន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់រុស្ស៊ី និងជាអ្នកប្រើប្រាស់ថាមពលដ៏ធំបំផុតរបស់រុស្ស៊ីផងដែរ។

ការជួបពិភាក្សានេះគឺជាសញ្ញាបង្ហាញយ៉ាងច្បាស់ ពីការបន្តនិងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ ចំពេលមានភាពមិនច្បាស់លាស់ ជុំវិញគោលនយោបាយ ការបរទេសរបស់រដ្ឋបាលថ្មីនៅសហរដ្ឋអាមេរិក៕



 

Powered by Blogger.