ទំនាស់ដីធ្លីរវាងលោក អ៊ុក ត្រេវ និងលោកស្រី ចៅ ដូម៉ានេត្រ ត្រូវបានបញ្ចប់តាមរូបមន្ត ឈ្នះ ឈ្នះ

អត្ថបទ ៖ ទ្រី ហៀន

ខេត្តកែប៖ ដោយអនុវត្តតាមរូបមន្តឈ្នះឈ្នះ និងមានការសម្របសម្រួលពី ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និង លោក សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ធ្វើឱ្យទំនាស់ដីធ្លីដែលកើតឡើងយ៉ាងក្តៅគគុករវាង លោក អ៊ុក ត្រេវ និងលោកស្រី ចៅ ដូម៉ានេត្រ លើផ្ទៃដីទំហំ ៧៦,៥ ហិកតា ស្ថិតក្នុងភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានបញ្ចប់ ដោយភាគីទាំងទំនាស់បានឯកភាពយល់ព្រមបញ្ចប់វិវាទ និងធ្វើកិច្ចសន្យាផ្តិតមេដៃជាភស្តុតាងនៅចំពោះមុខ មេធាវីទាំងសងខាង។

យោងកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទ ដែលធ្វើឡើងកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុច (គ) គូភាគីបានព្រមព្រៀងគ្នាដោយស្ម័គ្រចិត្ត ទទួលយកដំណោះស្រាយតាមការសម្រុះសម្រួល ចំពោះមុខក្រុមការងារ រដ្ឋបាលខេត្ត ដោយគូភាគីយល់ព្រមសះជា និងបញ្ចប់វិវាទរវាងគ្នា និងគ្នា ស្របតាមបញ្ញតិ និងលក្ខខណ្ឌដូចមានក្នុងកិច្ចព្រមព្រៀង។

កិច្ចព្រមព្រៀងដដែលបានឱ្យដឹងថា ភាគីលោកស្រី ចៅ ដូម៉ានេត្រ ហៅភាគី(ខ) បានព្រមព្រៀងប្រគល់ចំណែកដីក្នុងទំហំ ៥ហិកតា នៃទំហំទាំងមូល ដល់ភាគីលោក អ៊ុក ត្រេវ ហៅភាគី(ក)។ ភាគីលោក អ៊ុក ត្រេវ យល់ព្រមដើរដកវិញរាល់ពាក្យស្នើរសុំអន្តរាគមន៍ និងដកពាក្យបណ្តឹងទាំងឡាយដែលខ្លួនបានដាក់តាមក្រសួង ស្ថាប័ន និងស្ថាប័នតុលាការ និងបញ្ចប់វិវាទ ជាមួយគ្នាពាក់ព័ន្ធ និងដីវិវាទនេះ។

ចំពោះមុខអង្គប្រជុំភាគី(ក) លោក អ៊ុក ត្រេវ បានថ្លែងអំណរគុណ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប សម្រាប់ដំណោះស្រាយនេះ ថែមទាំងបានសារភាពនូវកំហុសរបស់ខ្លួន ដែលកន្លងមកខ្លួនបានបង្កព្យុះភ្លៀង ធ្វើឲ្យរំខានដល់ថ្នាក់ដឹកនាំ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាមន្ទីរជំនាញផងដែរ។

សូមជម្រាបថា នេះជាដំណោះស្រាយប្រកបដោយការជឿជាក់ និងជោគជ័យតាមរូបមន្តឈ្នះឈ្នះរបស់់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងក្រោមដំបូលម្លប់សុខសន្តិភាព ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងដឹកនាំដោយរាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រី ប្រកបដោយភាពឆ្លាតវៃបំផុត៕









Powered by Blogger.