ឯកឧត្តម នេត្រ ភក្ត្រា ណែនាំឱ្យអាជ្ញាធរពង្រឹងសេវាសាធារណៈជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាល
អត្ថបទ៖ ក្រសួងព័ត៌មាន
ខេត្តក្រចេះ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានណែនាំឱ្យអាជ្ញាធរពង្រឹងសេវាសាធារណៈជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាល ដើម្បីកាត់បន្ថយការលំបាក ជូនប្រជាពលរដ្ឋ ព្រោះ សុខ ទុក្ខរបស់ប្រជាពលរដ្ឋជានិច្ចកាលជាក្តីកង្វល់របស់រាជរដ្ឋាភិបាល។
ការណែនាំបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី
នេត្រ ភក្ត្រា នៅក្នុងកិច្ច ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤
និងលើកទិសដៅការងារបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ
នៅព្រឹកថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៥ ។
ឯកឧត្តម
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា
ដែលទទួលបានការទុកចិត្តពីសំណាក់ប្រជាពលរដ្ឋតាមរយៈការបោះឆ្នោត
បានខិតខំប្រឹងប្រែងរៀបចំនូវគោលនយោបាយ យុទ្ធសាស្ត្រ ផែនការ និងសកម្មភាពនានា
ដើម្បីឆ្លើយតបនិងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសុខដុមរម្យនីយកម្មក្នុងសង្គមជូនប្រជាពលរដ្ឋ។
ឯកឧត្តមរដ្ឋមន្ត្រី
នេត្រ ភក្ត្រា
បានណែនាំឱ្យអាជ្ញាធរពង្រឹងសេវាសាធារណៈជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាល
ដើម្បីកាត់បន្ថយការលំបាក និងផ្តល់ជំនឿចិត្តឱ្យកាន់តែខ្លាំងមកលើអាជ្ញាធរ
រាជរដ្ឋាភិបាល ពោលសុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី
ក៏បានណែនាំឱ្យអាជ្ញាធរស្រុកដែលមានភូមិ ឃុំ
ស្ថិតនៅក្នុងតំបន់ដាច់ស្រយាលសិក្សាឱ្យច្បាស់លាស់ពីភូមិឋានប្រជាពលរដ្ឋដែលនៅដាច់ឆ្ងាយពីគ្នា
ដើម្បីពិនិត្យមើលលទ្ធភាពបង្កើតឱ្យមានតំណាងសម្រាប់បម្រើសេវាជូនប្រជាពលរដ្ឋ
ទៅសុំសេវាសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។
ឯកឧត្តម
បានផ្តាំផ្ញើដល់ប្រធាន អនុប្រធាន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុក
ក្រុងទាំង៧ ក្នុងខេត្តក្រចេះ
ត្រូវបន្តការផ្សារភ្ជាប់នូវទំនាក់ទំនងល្អជាប្រជាពលរដ្ឋ
ហើយបន្តរៀបចំវេទិកាសាធារណៈនៅតាមឃុំ ស្រុកនានា ដើម្បីក្តាប់ឱ្យបាននូវក្តីកង្វល់
សំណើ និងសំណូមពរពីប្រជាពលរដ្ឋនៅមូលដ្ឋាន
ដើម្បីរួមគ្នាដោះស្រាយនូវរាល់បញ្ហាដែលកើតមានឡើង
ជាពិសេសបន្តរួមគ្នាក្នុងការថែរក្សាសន្តិភាព និងបន្តជំរុញការ អភិវឌ្ឍសេដ្ឋកិច្ច
សង្គម ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាជន។
ឯកឧត្តមរដ្ឋមន្ត្រី
ក៏បានណែនាំបន្ថែមដល់ក្រុមការងារត្រូវតាមដាន
និងក្តាប់ឱ្យជាប់នូវសភាពការណ៍នានានៅក្នុងមូលដ្ឋានឱ្យបានច្បាស់លាស់
ក្នុងន័យធ្វើយ៉ាងណាដោះស្រាយបញ្ហាដែលបានកើតឡើងបានរហ័ស ទាន់ពេល៕
Post a Comment