ការនាំចេញអាវុធរបស់អាមេរិក កើនឡើងដល់កំណត់ត្រា ក្នុងឆ្នាំ២០២៤ ជុំវិញតម្រូវការពាក់ព័ន្ធនឹងអ៊ុយក្រែន

 ប្រភព៖ Reuters

វ៉ាស៊ីនតោន៖ ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា ការលក់បរិក្ខារយោធារបស់អាមេរិក ទៅកាន់រដ្ឋាភិបាលបរទេស ក្នុងឆ្នាំ២០២៤ បានហក់ឡើង២៩ភាគរយ ដល់កំណត់ត្រា ដែលមានទឹកប្រាក់ចំនួន៣១៨.៧ពាន់លានដុល្លារ ខណៈបណ្តាប្រទេសនានា បានស្វែងរកក្នុងការបំពេញស្តុក ដែលបានបញ្ជូនទៅកាន់អ៊ុយក្រែនឡើងវិញ និងត្រៀមសម្រាប់ជម្លោះធំៗ។

ការលក់ដែលបានអនុម័តក្នុងឆ្នាំ២០២៤ ក្នុងនោះរួមទាំង ការលក់យន្តហោះចម្បាំង F-16 តម្លៃ២៣ពាន់លានដុល្លារ ទៅកាន់តួកគី, ការលក់យន្តហោះ F-15 តម្លៃ១៨.៨ពាន់លានដុល្លារ ទៅកាន់អ៉ីស្រាអ៊ែល និងការលក់រថក្រោះ M1A2 Abrams តម្លៃ២.៥ពាន់លានដុល្លារ ទៅកាន់រូមានីផងដែរ។

តួលេខពីឆ្នាំចុងក្រោយរបស់រដ្ឋបាលលោក Biden បានបង្ហាញពីការរំពឹងទុក នៃការលក់កាន់តែខ្លាំង សម្រាប់ក្រុមហ៊ុនផលិតអាវុធអាមេរិក ដូចជា៖ Lockheed Martin, General Dynamics និងក្រុមហ៊ុន Northrop Grumman ដែលភាគហ៊ុនរបស់ក្រុមហ៊ុនទាំងនេះ ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងចំពេលមានការកើនឡើងអរស្ថិរភាពសកល។

អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី, លោក Donald Trump បានលើកឡើងថា ប្រទេសសម្ព័ន្ធមិត្ត គួរតែចំណាយបន្ថែមទៀត លើវិស័យការពារជាតិរបស់ខ្លួន។ លោក Trump ចង់ឱ្យសមាជិកដទៃនៃអង្គការ NATO ចំណាយ៥ភាគរយ នៃផលិតក្នុងស្រុកសរុបរបស់ខ្លួន លើវិស័យការពារជាតិ, ជាកំណើនយ៉ាងខ្លាំងមួយ ពីគោលដៅ២ភាគរយ នាពេលបច្ចុប្បន្ន។

អ្នកទទួលការងារការពារជាតិ កំពុងតានតឹងក្នុងការបំពេញតម្រូវការ ដែលមានការកើនឡើង ដោយសារការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន។ ក្រសួងការពារជាតិនានា នៅលើពិភពលោក បានតម្រង់ជួរគ្នា ដើម្បីដាក់ការបញ្ជាទិញ ដើម្បីបង្កើនស្កុកអាវុធរបស់ខ្លួន ខណៈសហរដ្ឋអាមេរិក កំពុងស្វែងរកការបំពេញឃ្លាំងអាវុធ និងអាវុធ ដែលបញ្ជូនទៅទីក្រុង Kyiv

ការលក់យោធាដោយផ្ទាល់ ដោយបណ្តាក្រុមហ៊ុនអាមេរិក បានកើនឡើងដល់២០០.៨ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ២០២៤ ពី១៥៧.៥ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ២០២៣, ស្របពេលដែលការលក់ ដែលរៀបចំតាមរយៈរដ្ឋាភិបាលអាមេរិក បានកើនឡើងដល់១១៧.៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ពី៨០.៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣។

មានមធ្យោបាយសំខាន់ចំនួន២ ដែលរដ្ឋាភិបាលបរទេស ទិញអាវុធពីក្រុមហ៊ុនអាមេរិក គឺការលក់ពាណិជ្ជកម្មដោយផ្ទាល់ ដែលចរចាជាមួយក្រុមហ៊ុន និងការលក់យោធាបរទេស ដែលរដ្ឋាភិបាល ជាធម្មតាទាក់ទងជាមួយមន្ត្រីក្រសួងការពារជាតិ នៅស្ថានទូតអាមេរិក ប្រចាំនៅរដ្ឋធានីរបស់ខ្លួន។ មធ្យោបាយទាំងពីរនេះ ទាមទារឱ្យមានការអនុម័ត ពីរដ្ឋាភិបាលអាមេរិក៕



 

Powered by Blogger.