ទណ្ឌកម្មអាមេរិកថ្មី លើរុស្ស៊ី នឹងរារាំងលំហូរប្រេងទៅកាន់ចិននិងឥណ្ឌា, តម្លៃប្រេងនៅអាចនឹងឡើងថ្លៃខ្ពស់

 ប្រភព៖ Reuters

វ៉ាស៊ីនតោន៖ វិធានការទណ្ឌកម្មថ្មីដ៏តឹងតែងរបស់សហរដ្ឋអាមេរិកប្រឆាំងនឹង ក្រុមហ៊ុន និងកប៉ាល់ដឹកប្រេងរបស់រុស្ស៊ី ត្រូវបានគេព្យាករណ៍ថា នឹងរារាំងលំហូរប្រេងទៅកាន់ទីផ្សារអាស៊ី ជាពិសេសទៅកាន់អតិថិជនកំពូល គឺចិននិងឥណ្ឌា។

ឥណ្ឌានិងចិន សុទ្ធតែបានបង្កើនការនាំចូលប្រេងពីរុស្ស៊ីយ៉ាងខ្លាំងកាលពីឆ្នាំមុន។ អ្នកវិភាគ Vortexa លោក Emma Li ព្យាករណ៍ថា ការនាំចេញប្រេងឆៅ ESPO Blend របស់រុស្ស៊ី ដែលចិននិយមទិញអាចនឹងត្រូវបញ្ឈប់ ប្រសិនបើទណ្ឌកម្មត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង។

អ្នកជំនួញនិងអ្នកវិភាគបានព្រមាន ពីលទ្ធភាពដែលតម្លៃប្រេងនិងថ្លៃដឹកជញ្ជូន អាចនឹងកើនឡើងខ្ពស់ ខណៈប្រទេសទាំងពីរ នឹងត្រូវបង្ខំចិត្តស្វែងរកប្រភពផ្គត់ផ្គង់ជំនួស។

គោលដៅនៃទណ្ឌកម្ម ដែលប្រកាសដោយរតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ រួមមាន ក្រុមហ៊ុនប្រេងរុស្ស៊ី ខ្នាតយក្ស ដូចជា Gazprom Neft និង Surgutneftegas ព្រមទាំងនាវាដឹកប្រេង ចំនួន ១៨៣ គ្រឿង។ វិធានការនេះគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង របស់សហរដ្ឋអាមេរិក ក្នុងការរឹតបន្តឹងប្រាក់ចំណូលរបស់រុស្ស៊ីដែលទីក្រុងម៉ូស្គូ ត្រូវបានគេចោទប្រកាន់ថា កំពុងប្រើប្រាស់ដើម្បីទ្រទ្រង់សង្រ្គាមនៅអ៊ុយក្រែន។

ចាប់តាំងពីមានការដាក់ទណ្ឌកម្មពីលោកខាងលិច និងការកំណត់តម្លៃ ដោយក្រុមប្រទេស G7 កាលពីឆ្នាំ ២០២២ មក នាវាដឹកប្រេងដែលរងទណ្ឌកម្មជាច្រើនគ្រឿង ត្រូវបានប្រើប្រាស់ សម្រាប់ដឹកជញ្ជូនប្រេងទៅកាន់ប្រទេសឥណ្ឌានិងចិន។ ការណ៍នេះ បានធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង នៃលំហូរពាណិជ្ជកម្មប្រេងរបស់រុស្ស៊ីពីអឺរ៉ុប ទៅកាន់អាស៊ី។

ទោះយ៉ាងណា លទ្ធផលចុងក្រោយនឹងអាស្រ័យលើចំណាត់ការរបស់រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ថាតើនឹងបន្ធូរបន្ថយឬរឹតបន្តឹងការហាមឃាត់ និងជំហររបស់ចិន ថាតើ នឹងទទួលស្គាល់ទណ្ឌកម្មទាំងនេះដែរឬទេ៕



 

Powered by Blogger.