ចូ បៃដិន គ្រោងដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី មុន ត្រាំ ចូលកាន់តំណែង
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ យោងតាមមន្ត្រីអាមេរិកមួយរូបបានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងនឹងប្រកាសពីទណ្ឌកម្មថ្មី ប្រឆាំងនឹងសេដ្ឋកិច្ចរបស់រុស្ស៊ី ក្នុងសប្តាហ៍នេះ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងចុងក្រោយ ដើម្បីគាំទ្រដល់អ៊ុយក្រែន មុនពេលប្រធានាធិបតីជាប់ឆ្នោតចូលកាន់តំណែង។
ចំណាត់ការនេះ
កើតឡើងស្របពេលដែលរដ្ឋបាលលោក Biden កំពុងរៀបចំបញ្ជូនជំនួយយោធាថ្មីដល់អ៊ុយក្រែនដែលមានតម្លៃ
៥០០ លានដុល្លារ។ កញ្ចប់ជំនួយនេះ ត្រូវបានគេរាយការណ៍ថា
នឹងរួមបញ្ចូលទាំងមីស៊ីលការពារដែនអាកាស គ្រាប់បែកពីអាកាសទៅដី
និងឧបករណ៍ជំនួយសម្រាប់យន្តហោះចម្បាំង F-16 ផងដែរ។
ទោះបីជាមិនមានព័ត៌មានលម្អិតអំពីទណ្ឌកម្មថ្មីនេះក៏ដោយ
ក៏មន្ត្រីអាមេរិកបានបញ្ជាក់ថា ក្រុមការងាររបស់លោក Biden កំពុងរាយការណ៍ជូន ក្រុមការងាររបស់ប្រធានាធិបតីជាប់ឆ្នោត
អំពីវិធានការទាំងនេះ។
ក្រុមមន្ត្រីរបស់លោក
Biden អះអាងថា
ពួកគេចង់ដាក់អ៊ុយក្រែននៅក្នុងទីតាំងដ៏រឹងមាំបំផុតលើសមរភូមិ
ដើម្បីផ្តល់ឱ្យពួកគេនូវអានុភាពកាន់តែខ្លាំង
សម្រាប់ការចរចាដែលអាចនឹងកើតមានជាមួយរុស្ស៊ីនៅឆ្នាំនេះ។
ការវិលត្រឡប់មកកាន់សេតវិមាន
របស់លោក ដូណាល់ ត្រាំ នៅថ្ងៃទី ២០ ខែមករា ត្រូវបានគេមើលឃើញថា
អាចនឹងនាំមកនូវក្តីសង្ឃឹមសម្រាប់ដំណោះស្រាយការទូត
ចំពោះជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន។ ទន្ទឹមនឹងនេះ
ការណ៍នេះក៏បានបង្កឱ្យមានការព្រួយបារម្ភនៅក្នុងទីក្រុងកៀវផងដែរ ជុំវិញលទ្ធភាពនៃសន្តិភាពដែលអាចនឹងកើតមានក្នុងពេលឆាប់ៗ
តែត្រូវបង់ក្នុងតម្លៃដ៏ខ្ពស់។ ទីប្រឹក្សារបស់អតីតប្រធានាធិបតីរូបនេះ
បានបង្ហើបពីសំណើបញ្ចប់សង្រ្គាម
ដែលអាចនឹងតម្រូវឱ្យអ៊ុយក្រែនត្រូវប្រគល់ផ្នែកធំៗនៃទឹកដីរបស់ខ្លួន
ទៅឱ្យរុស្ស៊ីនាពេលអនាគតដ៏ខ្លីខាងមុខ៕
Post a Comment