សន្និបាតគណបក្សប្រជាជនកម្ពុជា ដាក់ចេញទិសដៅសំខាន់ៗចំនួន៥ ក្នុងឆ្នាំ២០២៥

ភ្នំពេញ៖ សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៥-២៦ ខែមករា ឆ្នាំ២០២៥ នៅស្នាក់ការកណ្តាលគណបក្ស វិមាន៧មករា រាជធានីភ្នំពេញ បានពិនិត្យ និងពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាប្រឈមនានាទាំងកត្តាខាងក្នុង ទាំងកត្តាខាងក្រៅ ក្នុងដំណើរការកសាង និងការពារមាតុភូមិ។

អង្គសន្និបាត ក៏បានពិនិត្យឃើញថា សភាពការណ៍ជាតិនៅ តែបន្តជួបការលំបាកជាច្រើន ដែលបណ្ដាលមកពីទំនាក់ទំនងរវាងតម្រូវការនៃការលើកកម្ពស់ជីវភាពប្រជាជន និងលទ្ធភាពនៃការផ្គត់ផ្គង់របស់សេដ្ឋកិច្ចជាតិនៅមានកម្រិត, ការលំបាកដែលបណ្ដាលមកពីសកម្មភាពប្រទូសរ៉ាយឥត ឈប់ឈររបស់ពួកប្រឆាំងជ្រុលនិយម ដែលមានមជ្ឈដ្ឋានអគតិខាងក្រៅមួយចំនួននៅពីក្រោយប៉ុនប៉ងផ្តួលរំលំគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាលដោយស្របច្បាប់ ហើយព្រមជាមួយនេះ សភាពការណ៍អន្តរជាតិ ក៏កាន់តែស្មុគស្មាញឡើងៗ។ កត្តាទាំងនេះ បាននិងកំពុងជះឥទ្ធិពលមកលើដំណើរការអនុវត្តគោលនយោបាយ របស់គណបក្សលើគ្រប់ទិដ្ឋភាព ដូចជា បញ្ហាសន្តិភាព និងស្ថិរភាពនយោបាយ, បញ្ហាអធិបតេយ្យជាតិ, បញ្ហាព្រំដែន និងបូរណភាពទឹកដី, បញ្ហាដោះស្រាយជីវភាពប្រជាជន ជាដើម។

យោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាត បានបញ្ជាក់ថា ដើម្បីការពាររាល់សមិទ្ធផល សង្គមជាតិ និងសម្រេចនូវសមិទ្ធផលធំៗថ្មីៗទៀត សន្និបាតបានដាក់ចេញទិសដៅសំខាន់ៗនៅក្នុងឆ្នាំ ២០២៥ ចំនួន​៥ រួមមាន៖

១. ពង្រឹងធ្លុងមហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញ និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។

២. ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឱ្យកម្លាំងអមិត្តណា ឬក្រុមជ្រុល និយមណាមកបង្កកលិយុគបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជាបានឡើយ។ ក្នុងស្មារតីនេះ បន្តលើកកម្ពស់ការអនុវត្តពាក្យស្លោក «អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!»។ បំផុសស្មារតីប្រជាជនទាំងមូលឱ្យយល់ច្បាស់អំពី «គុណតម្លៃនៃសុខសន្តិភាព» ហើយចូលរួមថែរក្សា និងការពារ ឱ្យបានដាច់ខាតនូវ «សុខសន្តិភាព» ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា។

៣. គាំទ្រពេញទំហឹងដល់ការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីធានាការអនុវត្តដោយជោគជ័យនូវកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល និងមានអាទិភាពគន្លឹះ ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» សំដៅជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេសកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងកសាងមូលដ្ឋានឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។ ព្រម ជាមួយនោះ សន្និបាតគាំទ្រយ៉ាងមុតមាំចំពោះវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម សំដៅធានាដំណើរការអភិវឌ្ឍន៍ និងការពារកិត្តិយសរបស់កម្ពុជាលើឆាកអន្តរជាតិ។

៤. បន្តពង្រឹងលទ្ធិប្រជាធិបតេយ្យ លើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋតាមគន្លងនីតិរដ្ឋ បង្កើនការអប់រំ និងការអនុវត្តច្បាប់ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និង មជ្ឈដ្ឋានចម្រើនជឿនលឿនទាំងអស់ ដើម្បីការពារ សន្តិភាព ជំរុញការអភិវឌ្ឍជាតិ និងពង្រឹងសុខដុមនីយកម្មសង្គម។

និង៥. រក្សាស្ថិរភាពក្នុងការរស់នៅ និងសុខុមាលភាពរបស់ប្រជាជនគ្រប់រូបតាមរយៈការថែទាំសុខភាព ការបង្កើន ការងារធ្វើ ការពង្រីកមុខរបរចិញ្ចឹមជីវិត ការបណ្តុះបណ្តាលមុខជំនាញ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការដោះស្រាយ ថ្លៃកសិផល ការពង្រឹងសុវត្ថិភាពភូមិ ឃុំ សង្កាត់ និងជាពិសេសការពង្រឹងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខ សង្គម ឱ្យកាន់តែមានវិសាលភាព ប្រសិទ្ធភាព និងធានាចីរភាពខាងហិរញ្ញវត្ថុ ដោយត្រូវយកចិត្តទុកដាក់ជំរុញការ អនុវត្តកម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ ព្រមទាំងយុទ្ធសាស្ត្រជាតិអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល៕



 

Powered by Blogger.