រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ មន្ទីរព័ត៌មាន មានតួនាទីសំខាន់ក្នុងការធានាការទទួលបានព័ត៌មានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយរបស់ពលរដ្ឋ
អត្ថបទ៖ ក្រសួងព័ត៌មាន
ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា មន្ទីរព័ត៌មាន មានតួនាទីសំខាន់ណាស់ក្នុងការធានាការទទួលបានព័ត៌មានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយរបស់ប្រជាពលរដ្ឋ ដើម្បីបង្កើនប្រសិទ្ធភាពព័ត៌មាន និងសាធារណមតិក្នុងមូលដ្ឋាន។
នាឱកាសនេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ក៏បានលើកទឹកចិត្តដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
ត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានជាប់ជាប្រចាំទាំងតាមប្រព័ន្ធផ្សព្វផ្សាយប្រពៃណី
និងទំនើប ដើម្បីផ្តល់ព័ត៌មាន
និងចំណេះដឹងគ្រប់បែបយ៉ាងស្របតាមសេចក្តីត្រូវការរបស់ពលរដ្ឋក្នុងមូលដ្ឋាន
ហើយបន្តផ្សព្វផ្សាយអំពីសក្តានុពលរបស់ខេត្តឱ្យបានច្រើនបន្ថែមទៀត
ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍក្នុងខេត្តទាំងមូល។
ការថ្លែងរបស់ រដ្ឋមន្ត្រី
នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ
និងបំពាក់មេដាយការងារ និងផ្តល់បណ្ណសរសើរដល់ថ្នាក់ដឹកនាំ
និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ដែលមានស្នាដៃល្អក្នុងការងាររបស់ខ្លួន
នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។
ឯកឧត្តមរដ្ឋមន្ត្រី
ក៏បានណែនាំ
ដោយសង្កត់ធ្ងន់អំពីសារៈសំខាន់ដែលមន្ទីរព័ត៌មានត្រូវបំពេញតួនាទីធ្វើជាសេនាធិការល្អរបស់រដ្ឋបាលខេត្តលើការងារព័ត៌មាននិងសាធារណមតិ។
នៅក្នុងបរិបទសង្គមឌីជីថល
បច្ចុប្បន្នដែលពលរដ្ឋទទួលព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម, រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកទឹកចិត្តក្រុមការងារព័ត៌មាន
និងសាធារណមតិរបស់មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ពិនិត្យរាល់ព័ត៌មានមិនពិត
ឬការបំពុលព័ត៌មានផ្សេងៗ ដើម្បីគ្រប់គ្រង
និងទប់ស្កាត់ការរីកសាយភាយនៃព័ត៌មានក្លែងក្លាយ
ហើយត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលារាល់ព័ត៌មានទាំងអស់ដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គម
ដែលធ្វើឱ្យប៉ះពាល់ស្ថិរភាព សណ្ដាប់ធ្នាប់ បង្កអសន្តិសុខក្នុងខេត្ត
ក៏ដូចជានៅទូទាំងប្រទេស។
ឯកឧត្តមរដ្ឋមន្ត្រី
ក៏បានបញ្ជាក់អំពីភាពចាំបាច់ក្នុងការផ្សព្វផ្សាយព័ត៌មានជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានកាន់តែច្រើន
ដើម្បីពង្រីការទទួលព័ត៌មានពិតត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយរបស់សាធារណជន
ដើម្បីផ្តល់ប្រភពព័ត៌មានច្បាស់លាស់សម្រាប់ការពិចារណា និងការសម្រេចចិត្តត្រឹមត្រូវជាប្រយោជន៍ដល់ការបង្កើនជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ
ការអភិវឌ្ឍក្នុងមូលដ្ឋាន ព្រមទាំងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ។
រដ្ឋមន្ត្រី
នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
ដែលបានសម្រេចបានកិច្ចការងារយ៉ាងច្រើនក្នុងឆ្នាំ២០២៤
កន្លងទៅនេះក្នុងការគ្រប់គ្រងព័ត៌មាន និងសោតទស្សន៍ក្នុងខេត្ត
រួមទាំងការចូលរួមរៀបចំសណ្តាប់ធ្នាប់វិស័យសារព័ត៌មាន ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
ទន្ទឹមនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី
ក៏បានថ្លែងកោតសរសើរដល់មន្ត្រីទាំងអស់នៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
ចំពោះការបានចូលរួមយ៉ាងសកម្មក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន
ចូលរួមបំភ្លឺសាធារណមតិអំពីបញ្ហាផ្សេងៗដែលបានកើតឡើង។
ឆ្លៀតក្នុងឱកាសនោះដែរ
ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យថ្នាក់ដឹកនាំ
និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
ឱ្យបន្តស្រាវជ្រាវស្រូបយកចំណេះដឹងនិងបច្ចេកវិទ្យាថ្មីៗដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀតស្របតាមការវិវត្តក្នុងសង្គម
ហើយត្រូវប្រកាន់ខ្ជាប់នូវអភិក្រមបុរេសកម្ម សកម្ម និងអន្តរសកម្ម ក្នុងការបំពេញតួនាទីរបស់ខ្លួន
ជាពិសេសដើម្បីពង្រឹងការផ្សព្វផ្សាយ គ្រប់គ្រង
និងឆ្លើយតបព័ត៌មានប្រកបដោយប្រសិទ្ធភាព
ជាសេនាធិការរបស់រដ្ឋបាលខេត្តក្នុងការងារព័ត៌មាន និងសាធារណមតិ៕
Post a Comment