ថ្នាក់ដឹកនាំ និងក្រុមការងារមន្ទីរពេទ្យកុមារជាតិចុះទស្សនកិច្ចមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដើម្បីរៀបចំចងសម្ព័ន្ធមេត្រីភាពរវាងមន្ទីរពេទ្យទាំងពីរ

អត្ថបទ៖ ជឹម ទូច

ខេត្តរតនគិរី ៖ ថ្នាក់ដឹកនាំ និងក្រុមការងារមន្ទីរពេទ្យកុមារជាតិចំនួន១២នាក់ ដឹកនាំដោយ លោក វេជ្ជបណ្ឌិត ញឹប អង្គារបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានអញ្ជើញមកបំពេញទស្សនកិច្ចខេត្តរតនគិរី ដើម្បីការរៀបចំចងសម្ព័ន្ធមេត្រីភាព រវាងមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។ ក្នុងដំណើរទស្សនកិច្ចនេះ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងក្រុមការងារ បានជួបប្រជុំជាមួយ លោក ជា សានិត ប្រធានមន្ទីរសុខាភិបាលខេត្ត និងលោក លី ចន្ទណារិទ្ធ អនុប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងមន្រ្តីជំនាញជាច្រើនរូបទៀត នៅសាលប្រជុំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី។

នៅក្នុងកិច្ចប្រជុំ លោក ជា សានិត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី បានសា្វគមន៍ យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ ថ្នាក់ដឹកនាំ និងក្រុមការងារមន្ទីរពេទ្យកុមារជាតិមកកាន់ខេត្តរតនគិរីនាពេលនេះ។ លោកប្រធានមន្ទីរ ក៏បានលើកឡើងពីវឌ្ឍនភាពការងារវិស័យសុខាភិបាលក្នុងខេត្តរតនគិរី ជូនគណៈប្រតិភូ បានយល់ជ្រាបផងដែរ។ និងសង្ឃឹមថា ដំណើរទស្សនកិច្ចនេះ គឺជាការស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមករវាងមន្រ្តីជំនាញនៃមន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យបង្អែកខេត្តរតនគិរី និងមន្ទីរពេទ្យបង្អែកបរកែវ ក្នុងគោលដៅរួមតែមួយ គឺជួយជម្រុញគុណភាព ប្រសិទ្ធិភាពសុវតហតិភាព នៃសេវាសុខាភិបាល ផ្តោតសំខាន់ទៅលើអ្នកជំងឺ សង្គ្រោះបន្ទាន់ និងប្រពោធនកម្ម ឲ្យឈានទៅរកកម្រិតខ្ពស់ថ្មីមួយទៀត។

លោកវេជ្ជបណ្ឌិត ញឹប អង្គារបុស្ស បានលើកឡើងថា ដើម្បីអនុវត្តសេចក្តីសម្រេចស្តីពីការរៀបចំចងសម្ព័ន្ធមេត្រីភាពរវាងមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែករាជធានី ខេត្ត របស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចដំណើរការបស់មន្ទីរពេទ្យ បង្អែកខេត្ត និងអភិវឌ្ឍសមត្ថភាពផ្តល់សេវាថែទាំសុខភាពជូនប្រជាជន ឱ្យកាន់តែមានភាពឆ្លើយតប ប្រកបដោយគុណភាព និងសមធម៌។ ទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ និងក្រុមការងារមន្ទីរពេទ្យកុមារជាតិនៅខេត្តរតនគិរីនាពេលនេះមានគោលបំណងឈ្វេងយល់ និងឆ្ពោះទៅការធ្វើផែនការរួម ស្តីពីការបណ្តុះបណ្តាល ណែនាំទ្រឹស្តីបច្ចេកទេសអនុវត្តគ្លីនិក ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល ការថែទាំជំងឺ ការវះកាត់ ការងារសង្គ្រោះបន្ទាន់ ការដាក់ថ្នាំសណ្តំ ការបញ្ជូនអ្នកជំងឺ ព្រមទាំងការចែករំលែកនូវបទពិសោធន៍ផ្សេងៗ លើជំនាញវេជ្ជសាស្ត្រដល់មន្ត្រីសុខាភិបាលខេត្ត។

បន្ទាប់មកនៅព្រឹកថ្ងៃដ៏ដែលថ្នាក់ដឹកនាំ និងក្រុមការងារមន្ទីរពេទ្យកុមារជាតិ បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។ ឆ្លៀតក្នុងឱកាសនោះ គណៈប្រតិភូ ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនិងមន្រ្តីសុខាភិបាលនៃមន្ទីរពេទ្យបង្អែកខេត្ត ទាំងអស់ បន្តខិតខំធ្វើនវានុវត្តន៍ លើសេវាព្យាបាលដែលមានស្រាប់ និងបង្កើនបច្ចេកទេសវេជ្ជសាស្រ្តថ្មីៗបន្ថែមទៀត ដោយសហការគ្នាទៅវិញទៅមកឲ្យបានស្អិតរមួត សំដៅផ្តល់សេវាសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ជូនអ្នកជំងឺ៕






Powered by Blogger.